បង្កើតទិដ្ឋភាពបៃតងដោយផ្តល់កូនឈើចំនួនពីរម៉ឺនដើម ដល់រដ្ឋបាលខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ៖កូនឈើចំនួនពីរម៉ឺនដើម ជាប្រភេទដើមចាន់គីរី ត្រូវបានលោក យឹម សំណាងអភិបាលរងខេត្តបន្ទាយ មានជ័យរួមជាមួយលោក ហ៊ូ ប៊ុនហេង ក្រុមការងាររបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងជាសមាជិកក្រុមប្រឹក្សា ខេត្តប្រគល់ជូនថ្នាក់ដឹកនាំរដ្ឋបាលក្រុង ស្រុកទាំងប្រាំបួនក្នុងខេត្តបន្ទាយមានជ័យកាលពីព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ ។កូនរុក្ខជាតិទាំងនេះជាអំណោយរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន តំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ និងឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកកជំទាវ ។

ដើមឈើទាំងនេះនឹងត្រូវយកទៅដាំនៅបណ្តាក្រុង ស្រុកដែលបានផ្តល់ជូនក្នុងបំណងបង្កើតបរិស្ថានល្អនិងទិដ្ឋភាពបៃតង ដើម្បីលើកកម្ពស់សោភណភាព និងការរស់នៅរបស់ប្រជាជន។លោក យឹម សំណាងបានថ្លែងក្នុងពិធីប្រគល់កូននៅបរិវេណ ខណ្ឌរដ្ឋបាលព្រៃឈើខេត្តបន្ទាយមានជ័យថា សូមយកកូនរុក្ខជាតិទាំងនេះទៅដាំដើម្បីបង្កើនធនធានធម្មជាតិឡើងវិញ ។ទន្ទឹមនេះសូមចូលរួមថែរក្សាព្រៃឈើដែលបានដាំដុះ និងព្រៃឈើនៅក្នុងភូមិសាស្រ្តរបស់ខ្លួន។

ក្នុងឱកាសនេះដែរ លោក យឹម សំណាងនិងក្រុមការងារក៏បានបន្តដំណើរទៅវិទ្យាល័យសម្ដេចឪដើម្បីចូលរួមជាមួយ
រដ្ឋបាលក្រុងសិរីសោភ័ណ កងកម្លាំងទាំងបី មន្ត្រីរាជការ ខណ្ឌរដ្ឋបាលព្រៃឈើខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងក្រុមយុវជន ស.ស.យ.ក និងក្រុមយុវជនអភិវឌ្ឍន៍ដាំកូនឈើផ្ទាល់ជានិមិត្តរូបផងដែរ៕
ដោយ៖ឃិន គន្ធា


