ផលិតផលក្នុងស្រុករបស់កូនខ្មែរ ត្រូវបានយកមកដាក់បង្ហាញនៅផ្សារទំនើប ព្រំដែនកម្ពុជា-ថៃ
បន្ទាយមានជ័យៈផលិតផលក្នុងស្រុករបស់កូនខ្មែរត្រូវបានយកមកដាក់តាំង បង្ហាញនៅផ្សារទំនើបព្រំដែន កម្ពុជា-ថៃនៃខេត្តបន្ទាយមានជ័យ ក្នុងវេទិកាផ្គូរផ្គងរវាងអ្នកផលិតនិងអ្នកទិញ និងការតាំងបង្ហាញផលិតផលក្នុងស្រុក ដែលបានរៀបចំកាលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ នៅផ្សារទំនើបក្រុងប៉ោយប៉ែត ។

ព្រឹត្តិការណ៍នេះប្រារព្ធឡើងក្នុងគោលបំណងដើម្បីឱ្យអ្នកផលិតនិង អ្នកទិញ បានជួបគ្នា និងធ្វើបទបង្ហាញពីផលិតផលរបស់ខ្លួន។ការរកទីផ្សារផលិតផលក្នុងស្រុក ព្រមទាំងការចងក្រងផលិតករ សេវាករ និងសិប្បករ នៅតាមមូលដ្ឋានឱ្យចូលជាសមាជិកចលនាភូមិមួយ ផលិតផលមួយ និងអង្គ ភាព-ស្ថាប័នពាក់ព័ន្ធ ដែលជាសមាជិកគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ប្រធានគណៈកម្មាធិការជំរុញចលនាភូមិមួយនផលិតផលមួយខេត្តបានថ្លែងថា វេទិកាផ្គូរផ្គងនេះដែរ ក៏មាន បំណងជំរុញឱ្យអ្នកពាក់ព័ន្ធពន្យល់ដល់ប្រជាពលរដ្ឋ និងអ្នកផលិត តាមមូលដ្ឋានឱ្យបានយល់ច្បាស់បន្ថែមទៀតអំពីសារៈសំខាន់ និងផលប្រយោជន៍ក្នុងការចូលរួមចលនាភូមិមួយ ផលិតផលមួយ និងធ្វើយ៉ាងណាជំរុញពួកគាត់ចូលជាសមាជិកចលនានេះឱ្យបានកាន់តែច្រើន។

លោកបន្តថាវេទិកានេះពិតជាបានរួមចំណែកក្នុងការអនុវត្តយុទ្ធសាស្ត្រជាតិ សម្រាប់ការកាត់បន្ថយភាពក្រីក្រ និងការកៀរគរសក្តានុពលសេដ្ឋកិច្ចក្នុងស្រុកដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និង សហគមន៍ ។

លោក ប៉ុក ឡាយជី ប្រធានមន្ទីរពាណិជ្ជកម្មខេត្តបានឳ្យដឹងថា ផលិតផលក្នុងស្រុករបស់ខ្មែរដែលត្រូវបានយកមកដាក់តាំង បង្ហាញជាផលិតផលសិប្បកម្ម និងកសិ ឧស្សាហកម្មដែលត្រូវបានកែច្នៃជាម្ហូបអាហារ ភេសជ្ជៈ ជាដើម មកពីខេត្តចំនួនប្រាំ រួមមាន ខេត្តប៉ៃលិន បាត់ដំបង ឧត្តរមានជ័យ សៀមរាប និងខេត្តបន្ទាយមានជ័យ។ ម្យ៉ាងវិញទៀតការផ្សព្វផ្សាយនេះ ជាការលើកទឹកចិត្តដល់អ្នកផលិត ក៏ដូចជា អ្នកទិញឳ្យចូលរួមគាំទ្រនូវផលិតផលក្នុងស្រុករបស់ខ្មែរ ដែលជាការលើកស្ទួយជីវភាពប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិឆ្លើយតបទៅនឹងសក្ដានុពលជាខេត្តប៉ូលសេដ្ឋកិច្ចទី៤ ៕
ដោយៈគៀន ច័ន្ទ ហ៊ីន
