រលកកំដៅសម្លាប់មន្រ្តីបោះឆ្នោតចំនួន ៣៣នាក់នៅឥណ្ឌា
ញូដែលី៖ មន្ត្រីជាន់ខ្ពស់រៀបចំការបោះឆ្នោតឥណ្ឌាម្នាក់បានរាយការណ៍កាលពីថ្ងៃអាទិត្យថា យ៉ាងហោចណាស់បុគ្គលិករៀបចំការបោះឆ្នោត
ចំនួន ៣៣នាក់បានស្លាប់ នៅថ្ងៃចុងក្រោយនៃការបោះឆ្នោត ដោយសារជំងឺគ្រុនក្តៅ។
លោក Navdeep Rinwa ប្រធានការិយាល័យបោះឆ្នោតនៅរដ្ឋភាគខាងជើងនៃរដ្ឋ Uttar Pradesh បាននិយាយថា បុគ្គលិករៀបចំការបោះឆ្នោតចំនួន ៣៣នាក់បានបាត់បង់ជីវិត ដោយសាររលកកំដៅក្តៅខ្លាំង ក្នុងនោះរួមមានទាំងសន្តិសុខ និងបុគ្គលិកអនាម័យ។ លោក Rinwa បានប្រាប់អ្នកយកព័ត៌មានថា លុយសំណងចំនួន ១៨,០០០ដុល្លារ នឹងត្រូវផ្តល់ជូនដល់ក្រុមគ្រួសារនៃអ្នកស្លាប់ទាំងអស់នោះ។
នាយកដ្ឋានឧតុនិយមឥណ្ឌា (IMD) បាននិយាយថា សីតុណ្ហភាពនៅក្នុងទីក្រុង Jhansi បានឡើងជិត ៤៧អង្សាសេកាលពីថ្ងៃសៅរ៍សប្តាហ៍មុន។ កាសែត Hindustan Times បានរាយការណ៍ថាមនុស្សសរុបចំនួន ៥៨នាក់ហើយបានស្លាប់ដោយសារតែការប៉ះពាល់នឹងរលកកំដៅនៅទូទាំងប្រទេសកាលពីថ្ងៃសៅរ៍។
ករណីស្លាប់ដោយសាររលកកំដៅនៅក្នុងរដូវក្តៅ សម្រាប់ប្រទេសឥណ្ឌាមិនមែនជារឿងចម្លែកនោះទេ។ ប៉ុន្តែការស្រាវជ្រាវវិទ្យាសាស្ត្រជាច្រើនឆ្នាំបានរកឃើញថា ការប្រែប្រួលអាកាសធាតុកំពុងធ្វើឱ្យរលកកំដៅកាន់តែយូរ ញឹកញាប់ និងកាន់តែខ្លាំងក្លាជាងមុន។
ជុំវិញការបោះឆ្នោតនៅឥណ្ឌា លោកនាយករដ្ឋមន្ត្រី Narendra Modi ត្រូវបានគេរំពឹងថា នឹងឈ្នះការបោះឆ្នោតភ្លូកទឹកភ្លូកដីជាលើកទីបីជាប់ៗគ្នា បន្ទាប់ពីការបោះឆ្នោតបានបញ្ចប់នៅថ្ងៃទី១ ខែមិថុនា។ លទ្ធផលនឹងប្រកាសជាផ្លូវការនៅថ្ងៃទី ៤ ខែមិថុនាខាងមុខនេះ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា


