ពិធីប្រគេនព្រះបរមអដ្ឋិ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជកម្ពុជា ជូនអង្គការសន្និសីទពុទ្ធសាសនាពិភពលោក

ភ្នំពេញ៖ នារសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ គណៈសង្ឃនាយកនៃ​ព្រះរា​ជា​ណាចក្រកម្ពុជា និមន្តដឹកនាំដោយ សម្ដេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត អំ លីមហេង ព្រះសង្ឃនាយកស្តីទី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តី​ក្រសួងធម្មការនិងសាសនានិងលោកជំទាវ ប្រារព្ធពិធីប្រគេនព្រះបរមអដ្ឋិ សម្តេច​ព្រះអគ្គម​ហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះ​មហា​សង្ឃរាជ​នៃព្រះរាជាណាចក្រកម្ពុជា ជូនអង្គការសន្និសីទពុទ្ធសាសនាពិភពលោក ដែលដឹកនាំ ព្រះតេជគុណ បណ្ឌិត សុិនកៃ គូរី ជាប្រធាននៃអង្គការសន្និសីទ​ពុទ្ធសាស​នាពិភព លោក នៅវត្តឧណ្ណាលោម រាជធានីភ្នំពេញ។

ពិធីប្រគេនព្រះបរមអដ្ឋិ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ជូនអង្គការសន្និសីទពុទ្ធ​សាសនាពិភពលោ​ក មានការនិមន្តនិងអញ្ជើញចូលរួមដោយ គណៈសង្ឃនាយក​នៃព្រះរាជាណាចក្រកម្ពុជា, ព្រះមន្រ្តីសង្ឃគ្រប់ឋានានុក្រម, គណៈប្រតិភូតំណាង​អ្នកកាន់ព្រះពុទ្ធសាសនា ពិភពលោកចំនួន៥១ប្រទេសដែលនិមន្ត​និងអញ្ជើញ​មកពីប្រទេស ចិន ឥណ្ឌា ឥណ្ឌូនេស៊ី កូរ៉េខាងត្បូង ឡាវ ម៉ុងហ្គោលី វៀតណាម ស្រីលង្កា និងសហរដ្ឋអាមេរិក ,ព្រមទាំង ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំតាម​បណ្តាក្រសួង-ស្ថាប័នផ្សេងៗ នៃគណៈកម្មការរៀបចំព្រះរាជពិធីបុណ្យ​ថ្វាយ​ព្រះបរមសព ។

បន្ទាប់ពីដង្ហែព្រះបរមអដ្ឋិ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ពីវាលព្រះមេរុ មុខវត្តបុទុម​វតី​​រាជវរារាម ឆ្ពោះមកវត្តឧណ្ណាលោម និងមួយចំណែកបាន ដង្ហែព្រះអង្គារ យកទៅ​បំប្លែង ក្នុងទន្លេចតុមុខមង្គល បានធ្វើឱ្យប្រជា រាស្ត្រ ខ្មែរ រន្ធត់ ចិត្ត ក្តុកក្តួលសោក​ស្តាយ អាឡោះអាល័យ ជាទី បំផុត ចំពោះ ការបែកឃ្លាតជាលើកចុងក្រោយដែលគ្មាន​ថ្ងៃ ជួបវិញ ។

នាឱកាសនេះ គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និមន្ត​ដឹកនាំ​ដោយ សម្ដេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត អំ លីមហេង ព្រះសង្ឃនាយកស្តីទី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ចាយ បូរិន បានប្រារព្ធពិធីប្រគេនព្រះបរមអដ្ឋិ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ​នៃព្រះរាជាណាចក្រកម្ពុជា ជូនអង្គការសន្និសីទពុទ្ធសាសនាពិភពលោក ដែលមាន ព្រះតេជ​គុណ បណ្ឌិត សុិនកៃ គូរី ជាប្រធាននៃអង្គការសន្និសីទពុទ្ធសាសនាពិភពលោក ដើម្បីដង្ហែ​យក​ទៅតំក​ល់នៅវិមានមហាសាល ព្រះពុទ្ធសាសនានៅទីក្រុង កូប៉េ ប្រទេសជប៉ុន តាម​សេចក្តីសម្រេចរបស់សន្និសីទលើកទី០៦ នៃអង្គការសន្និសីទព្រះពុទ្ធសាសនាពិភពលោក ស​ម្រាប់ថ្នាក់ដឹកនាំកំពូលដែលមានព្រះគុណបំណាច់ចំពោះព្រះពុទ្ធសាសនា ដើម្បីទុក​ជា​សក្ការបូជាសម្រាប់អ្នកកាន់ព្រះពុទ្ធសាសនានៅលើពិភពលោល ។

សម្ដេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត មានព្រះថេរដីកាថា ការលះបង់ដែលស្ទើរមួយ​ព្រះជន្ម​វស្សា​របស់ សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ប្រកបដោយព្រះ​ព្រហ្មវិហារធម៌ ព្រះសច្ចធម៌ និងព្រះគុណធម៌ដ៏ខ្ពង់ខ្ពស់ ព្រមទាំងបានផ្សព្វផ្សាយព្រះធម៌បរិសុទ្ធដល់​ពិភព​លោក ជាសមាជិកស្ថាបនិក និងជាព្រះអនុប្រធាននៃជំនួបកំពូលពុទ្ធសាសនា ដែលសម្តេច​បានយាងក្នុងជំនួបលើកដំបូងក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន នាឆ្នាំ១៩៩៨ ។

ឯកឧត្តម ចាយ បូរិន បានមានប្រសាសន៍ថា ក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ បានធ្វើឲ្យព្រះពុទ្ធសាសនានៅកម្ពុជា មានការរីកចម្រើនយ៉ាងខ្លាំងក្រោមដំបូងសុខសន្តិភាព ដែលជាការខិតខំប្រឹងប្រែងរបស់ សម្តេចអគ្គមហាសសេនាបតីតេជោ ហ៊ុន សែន អតីត​នាយក​​រដ្ឋមន្រ្តី បានដឹកនាំនាវាកម្ពុជាពីគ្មានសាសនា មកមានសាសនា​យ៉ាងច្រើននៅកម្ពុជា ហើយរាជរដ្ឋាភិបាល នីតិកាលទី៧ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានកំពុងបន្តនូវបេសកម្មដ៏ជ្រះថ្លានេះ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រជាពុទ្ធបរិស័ទទាំងក្នុងនិងក្រៅប្រទេស ញាតិព្រះធ៌មគ្រប់​ទិសទី សូមបួងសួង ឧទ្ទិសថ្វាយនូវមហារាជកុសលដ៏ខ្ពង់ខ្ពស់ថ្វាយចំពោះ ដួងព្រះវិញ្ញាណ​វក្ខន្ធ ព្រះបរមសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះគោរមងារដ៏ខ្ពង់ខ្ពស់ជា “មហាវីរសង្ឃសិរីធម្មរាជ”​ សូមព្រះវិញ្ញាណក្ខ័ន្ធព្រះអង្គបានយាងគង់ប្រថាប់ក្នុងទីឋាន​ដ៏ខ្ពង់ខ្ពស់ ប្រកបដោយព្រះបរមសុខកុំបីអាក់ខានឡើយ ៕

ដោយ ៖ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner