ឆ្នាំនេះ ក្រុមហ៊ុនអាកាសចរណ៍សកលរកចំណូលបានជិត ១ពាន់ពាន់លានដុល្លារ
ឌូបៃ៖ សមាគមដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ (IATA) កាលពីថ្ងៃចន្ទបានឱ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍សកល ទទួលបានអ្នកដំណើរជិត ៥ពាន់លាននាក់នៅក្នុងឆ្នាំ ២០២៤ ជាមួយនឹងប្រាក់ចំណូលកើនឡើងជិត ១ពាន់ពាន់លានដុល្លារ ដែលនេះជាកំណត់ត្រាខ្ពស់បំផុត ទាំងអ្នកដំណើរ និងប្រាក់ចំណូល។
សមាគមដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ (IATA) បាននិយាយថា ខ្លួនរំពឹងថា ឧស្សាហកម្មអាកាសចរណ៍ពិភពលោក នឹងរកបានប្រាក់ចំណេញសុទ្ធចំនួន ៣០.៥ពាន់លានដុល្លារនៅឆ្នាំ២០២៤នេះ ពោលគឺខ្ពស់ជាងឆ្នាំ២០២៣ ដែលមានត្រឹម ២៧.៤ពាន់លានដុល្លារ។

អគ្គនាយក IATA លោក Willie Walsh បាននិយាយថា ប្រាក់ចំណេញសុទ្ធចំនួន ៣០ពាន់លានដុល្លារដែលរំពឹងទុកនេះ គឺជាសមិទ្ធិផលដ៏អស្ចារ្យមួយ បន្ទាប់ពីការខាតបង់ធ្ងន់ធ្ងរដោយសារជងឺរាតត្បាតកូវីដ១៩។
របាយការណ៍នេះបានចេញផ្សាយ ៤ឆ្នាំក្រោយ បន្ទាប់ពីឧស្សាហកម្មអាកាសចរណ៍ពិភពលោកបានដួលរលំ ជាមួយនឹងការខាតបង់ចំនួន ១៤០ពាន់លានដុល្លារក្នុងឆ្នាំ ២០២០ ដោយសារជំងឺរាតត្បាតកូវីដ១៩។

ទោះជាយ៉ាងណាក៏ដោយ ការចំណាយសរុបក៏ត្រូវបានគេរំពឹងដែរថា នឹងកើនឡើងដល់កម្រិតខ្ពស់បំផុតនៅឆ្នាំ២០២៤នេះ ដោយកើនឡើង ៩.៤ភាគរយ ដល់ ៩៣៦ពាន់លានដុល្លារ នេះបើតាមសមាគម IATA បានប្រកាសនៅក្នុងកិច្ចប្រជុំទូទៅប្រចាំឆ្នាំរបស់ខ្លួននៅទីក្រុងឌូបៃ នាពេលថ្មីៗនេះ។
IATA ក៏បានអះអាងដែរថា បច្ចុប្បន្ន ក្រុមហ៊ុនអាកាសចរណ៍ពិភពលោកកំពុងប្រឈមមុខនឹងបញ្ហាធំៗមួយចំនួន រាប់ចាប់ពីកង្វះកម្លាំងពលកម្ម និងការប្រែប្រួលអាកាសធាតុ រួមទាំងផ្លូវយន្តហោះរត់ដែលលិចទឹក និងភ្លើងឆេះព្រៃជាដើម៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា