ឧទ្ទាមហ៊ូធីចាប់ឃុំខ្លួនមន្ត្រីអង្គការសហប្រជាជាតិ ១១នាក់

បរទេស៖ ក្រុមឧទ្ទាមហ៊ូធី នៅប្រទេសយេម៉ែនបានចាប់ឃុំខ្លួនក្រុមភ្នាក់ងារផ្តល់ជំនួយមួយក្រុម រួមមានទាំងមន្ត្រីអង្គការសហប្រជាជាតិ ហៅកាត់ UN ចំនួន ១១នាក់ផងដែរ។

អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក Stephane Dujarric បាននិយាយ នៅថ្ងៃសុក្រថា UN អំពាវនាវឱ្យមានការដោះលែងបុគ្គលិករបស់ខ្លួន ជាបន្ទាន់។ ពួកគេត្រូវបានឃុំខ្លួន ដោយក្រុមឧទ្ទាម ដែលគាំទ្រដោយអ៊ីរ៉ង់ នៅតាមផ្នែកផ្សេងៗ នៃប្រទេសយេម៉ែន ដែលកំពុងហែកហួរដោយសង្រ្គាម។

លោក Stephane Dujarric មានប្រសាសន៍បន្ថែមទៀតថា «យើងកំពុងស្វែងរកបណ្តាញនានា ដើម្បីធានាបាននូវការដោះលែងពួកគេទាំងអស់ដោយសុវត្ថិភាព និងដោយគ្មានលក្ខខណ្ឌ ឱ្យបានលឿនតាមដែលអាចធ្វើទៅបាន»។

អង្គការ Yemeni Mayyun ទទួលបន្ទុកសិទ្ធិមនុស្សបាននិយាយថា យ៉ាងហោចណាស់ បុគ្គលិកជំនួយចំនួន១៨ នាក់ត្រូវបានចាប់ពង្រត់ នៅក្នុងតំបន់ចំនួន ៤ ដែលកាន់កាប់ដោយក្រុមឧទ្ទាម។

ចាប់តាំងពីខែវិច្ឆិកាមក ក្រុមឧទ្ទាមហ៊ូធីបានបើកការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក និងកាំជ្រួចមីស៊ីល សំដៅលើនាវានានា នៅសមុទ្រក្រហម និងឈូងសមុទ្រ Aden។ ហើយវាគឺជាយុទ្ធនាការ ដែលពួកគេនិយាយថា មានគោលបំណងដើម្បីបង្ហាញពីសាមគ្គីភាព ជាមួយប៉ាឡេស្ទីន ប្រឆាំងនឹងអ៊ីស្រាអែល ចំពេលមានសង្រ្គាម នៅតំបន់ហ្គាហ្សា៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner