សត្វដង្កូវហ្វូងកំពុងរាតត្បាត និងបំផ្លាញដំណាំស្រូវ ដំឡូងមីរបស់កសិករនៅបណ្ដាខេត្តជាច្រើន
ភ្នំពេញ៖ សត្វដង្កូវហ្វូវកំពុងបំផ្លិចបំផ្លាញផលដំណាំរបស់ប្រជាកសិករនៅបណ្ដាខេត្តជាច្រើនដូចជា ខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ ត្បូងឃ្មុំ កំពង់ចាម សៀម រាប ឧត្តរមានជ័យ បន្ទាយមានជ័យ និងខេត្តកំពង់ធំ ។នេះបើតាមការបញ្ជាក់របស់លោកជំទាវ អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។
ប្រាប់បណ្តាញសារព័ត៌មានតាមប្រព័ន្ធអេឡិចត្រូនិកនាល្ងាចថ្ងៃទី១៨ ខែមិថុនា ឆ្នាំ ២០២៤នេះ លោកជំទាវ អ៊ឹម រចនា បានប្រាប់ថា ដង្កូវហ្វូងដែលសត្វចង្រៃ វាបានបំផ្លាញយ៉ាងខ្លាំងដល់ផលដំណាំកសិកម្មនៅតាមបណ្តាខេត្តនៃប្រទេសកម្ពុជាពិសេសខេត្តជាប់ព្រំដែនប្រទេសថៃ។
ការផ្ទុះឡើងនូវដង្កូវហ្វូវនេះត្រូវបានមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថាវាមានប្រភពមកពីប្រទេសថៃ ហើយឆ្លងមកកាន់ប្រទេសកម្ពុជា។ពួកវាបំផ្លាញច្រើនទៅលើដំណាំស្រូវ ដំណាំដំឡូងមីនិងរុក្ខជាតិដទៃទៀតរបស់កសិករ។
បើតាមអគ្គនាយកដ្ឋានកសិកម្មបានឱ្យដឹងនៅថ្ងៃដដែលនេះដែរថា ក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យនៃអគ្គនាយកដ្ឋានកសិកម្មសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ និងសៀមរាប ចុះពិនិត្យ និងអន្តរាគមន៍កម្ចាត់ដង្កូវហ្វូងបំផ្លាញដំណាំស្រូវនៅឃុំដូនតី ស្រុកពញាក្រែក និងដំឡូងមី នៅឃុំគោក ស្រុកស្រុកតំបែរ និងសហគមន៍ទំនើបនាងអំ នៅខេត្តសៀមរាប។សកម្មភាពអន្តរាគមន៍ដោយបានធ្វើការណែនាំកសិករឱ្យបន្តតាមដានវត្តមានរបស់សមាសភាពចង្រៃដែលកំពុងកើតមាននៅក្នុងស្រែជាប្រចាំ និងរាយការណ៍ដល់មន្រ្តីបច្ចេកទេសកសិកម្ម។ក៏បានប្រាប់បឪកសិករអំពីវិធានការការពារ និងកម្ចាត់ដង្កូវហ្វូងឲ្យទទួលបានប្រសិទ្ធភាពខ្ពស់។
គិតត្រឹមថ្ងៃទី១៨ ខែមិថុនាដំណាំស្រូវចំនួន ៥៥ហិកតា និងដំឡូងមីចំនួន ៥ហិកតាក្នុងខេត្តត្បូងឃ្មុំ និងដំណាំស្រូវចំនួន ៥០ហិកតាក្នុងខេត្តសៀមរាប ត្រូវបានរងការបំផ្លាញដោយដង្កូវហ្វូង។ ប៉ុន្តែកម្រិតនៃការបំផ្លាញពុំមានផលប៉ះពាល់ឡើយ ទន្ទឹមនឹងប្រជាករដង្កូវហ្វូងបាននិងកំពុងថយចុះជាបណ្តើរៗ ឈានទៅរកស្ថានភាពដែលអាចគ្រប់គ្រងបាន៕
ដោយ៖ម៉ាដេប៉ូ



