ស្ពានខ្ពស់ជាងគេនៅកម្ពុជាគ្រោងនឹងដាក់ឱ្យប្រើប្រាស់សាកល្បងនៅចុងខែមីនាឆ្នាំ២០២៥
ភ្នំពេញ៖ ក្រសួងសាធារណការនិងដឹកជញ្ជូននៅថ្ងៃទី១ ខែកក្កដានេះបានឱ្យដឹងថា គម្រោងស្ថាបនាផ្លូវជាតិលេខ១០ ដែលមានប្រវែងសរុប ១៩៨,២១៨ គីឡូម៉ែត្រ(PK000+000 – PK១៩៨+៥១៨) សម្រេចបានជារួម ៨៨,៣៨ភាគរយហើយ គិតត្រឹមដំណាច់ខែមិថុនាកន្លងទៅនេះ។ដោយឡែកស្ពានខ្ពស់ជាងគេប្រវែង ៥៣០ម៉ែត្រ គ្រោងនឹងដាក់ឱ្យប្រើប្រាស់សាកល្បងនៅចុងខែមីនាឆ្នាំ២០២៥ ខាងមុខ។

ការដ្ឋានផ្លូវជាតិលេខ១០ ចាប់ពីផ្លូវជាតិលេខ ៥៧-៧ ត្រង់ PK៣៥+៩០០ នៅភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ រហូតដល់ផ្លូវជាតិលេខ៤៨(ចាស់) ត្រង់ PK១+៧០០ ក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

ប្រភពដដែលបន្តថា វឌ្ឍនភាពនេះរួមមាន៖ ការងារផ្លូវថ្នល់សម្រេចបាន ៨០,២៦ភាគរយ,ការងារស្ពានសម្រេចបាន ៩៣,២៣ភាគរយ, ការងារស្ពានខ្ពស់ជាងគេប្រវែង ៥៣០ម៉ែត្រ សម្រេចបាន ៤៣,៥០ភាគរយ (គ្រោងដាក់ឱ្យប្រើប្រាស់សាកល្បងនៅចុងខែមីនា ឆ្នាំ២០២៥ ខាងមុខ) ,ការងារលូកាត់ទទឹងថ្នល់សម្រេចបាន ៩៩,៨២ភាគរយ និងការងារលូបណ្តោយថ្នល់ និងជញ្ជាំងការពារជើងទេរអនុវត្តបាន ៨៩,៨៤ភាគរយ។

ក្រសួងសាធារណការបានរំលឹកថា នៅរដូវវស្សានេះផ្លូវជាតិលេខ១០ ប្រជាពលរដ្ឋអាចធ្វើដំណើរបានដោយរលូន តែត្រូវមានការប្រុងប្រយ័ត្ន ដោយសារកំណាត់ផ្លូវខ្លះនៅជាក្រួសក្រហម និងកំណាត់ផ្លូវខ្លះទៀត អាចរអិលដោយអន្លើពេលមានភ្លៀងធ្លាក់ខ្លាំង។

គួរបញ្ជាក់ថា ផ្លូវជាតិលេខ១០នេះ ជាប្រភេទផ្លូវ Grade III ក្រាលកៅស៊ូពីរស្រទាប់ (DBST) មានប្រវែងផ្លូវសរុប១៩៨,៥១៨គីឡូម៉ែត្រ និងទទឹង ៩ម៉ែត្រ។ គម្រោងសាងសង់ផ្លូវនេះមានរយៈពេល ៦៦ខែ និងបានចាប់ផ្ដើមសាងសង់ពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ មកហើយគ្រោងនឹងបញ្ចប់នាខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ៕
ដោយ៖ដេប៉ូ

