អារ៉ាប់រួមពឹង SpaceX បញ្ជូនផ្កាយរណបទៅកាន់ទីអវកាស
ឌូបៃ៖ ប្រតិបត្តិករផ្កាយរណប Emirati Yahsat របស់ប្រទេសអេមីរ៉ាត់អារ៉ាប់រួម បានជ្រើសរើស SpaceX ដើម្បីបាញ់បង្ហោះផ្កាយរណបទំនាក់ទំនងភូមិសាស្ត្រមួយគូរបស់ខ្លួន។
ក្រុមហ៊ុន Yahsat បានប្រកាសកាលពីថ្ងៃទី០១ ខែកក្កដាថា ខ្លួនជ្រើសរើស SpaceX ដើម្បីបាញ់បង្ហោះផ្កាយរណប Al Yah 4 និង Al Yah 5 របស់ខ្លួននៅឆ្នាំ ២០២៧ និងឆ្នាំ ២០២៨ តាមរយៈគ្រាប់រ៉ុក្កែត Falcon 9។ យ៉ាងណាមិញ ក្រុមហ៊ុនទាំងពីរមិនបានបង្ហាញពីតម្លៃនៃកិច្ចសន្យានេះទេ។
នាយកប្រតិបត្តិក្រុមហ៊ុន Yahsat លោក Ali Al Hashemi បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការងារនេះ ជាផ្នែកមួយនៃអាណត្តិដ៏ធំបំផុត ដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្ររបស់លោក ដែលទទួលបានពីរដ្ឋាភិបាលអេមីរ៉ាត់អារ៉ាប់រួម។
រដ្ឋាភិបាលអេមីរ៉ាត់អារ៉ាប់រួម បានជ្រើសរើសជ្រើសរើសក្រុមហ៊ុន Yahsat សម្រាប់កិច្ចព្រមព្រៀងមានតម្លៃចំនួន ៥.១ពាន់លានដុល្លារក្នុងខែកញ្ញា ឆ្នាំ ២០២៣ ដើម្បីផ្តល់សេវាអ៊ីនធឺណិតយ៉ាងហោចណាស់ដល់ឆ្នាំ ២០៤៣ ដោយប្រើប្រាស់ផ្កាយរណបថ្មីរបស់ក្រុុមហ៊ុន Yahsat។
កិច្ចព្រមព្រៀងនេះដែរ រួមមានការបង់ប្រាក់មុនចំនួន ១ពាន់លានដុល្លារក្នុងឆ្នាំ ២០២៤ ដើម្បីផ្តល់មូលនិធិដល់ការអភិវឌ្ឍផ្កាយរណប, ការបាញ់បង្ហោះ, ហេដ្ឋារចនាសម្ព័ន្ធដីគោក និងការធានារ៉ាប់រង៕

ប្រភព: spacenews ប្រែសម្រួលដោយ: ឈឹម ទីណា