មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញបើកការដ្ឋានសាងសង់អណ្ដូងធន់នឹងការប្រែប្រួលអាកាសធាតុនៅស្រុករមាសហែក
ស្វាយរៀង៖ ឯកឧត្តម គុយ ឆាយ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទតំណាងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទកាលពីព្រឹកថ្ងៃទី១៧ ខែកក្កដាឆ្នាំ ២០២៤ នេះបានញ្ជើញបើកការដ្ឋានសាងសង់អណ្ដូងធន់នឹងការប្រែប្រួលអាកាសធាតុចំនួន ៣០អណ្ដូង និងផ្តល់សម្ភារៈបង្គន់អនាម័យចំនួន ២០០បង្គន់ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានដែលពុំមានលទ្ធភាពសាងសង់ដោយខ្លួនឯង សម្រាប់ប្រើប្រាស់តាមផ្ទះ ។
ពិធីនេះបានប្រព្រឹត្តទៅសាលាឃុំក្រសាំង ស្រុករមាសហែក និងមានការអញ្ជើញចូលរួមពីបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តមប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង លោក សំ នីតូ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង
ក្នុងឱកាសនេះឯកឧត្តម គុយ ឆាយ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានបានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋសូមប្រកាន់ខ្ជាប់នូវការរស់នៅស្អាត ហូបស្អាត ផឹកស្អាត។សូមលាងដៃនឹងសាប៊ូ ឬផេះមុននឹងបរិភោគអាហារ និងក្រោយចេញពីបង្គន់អនាម័យ ។សំអាតបរិវេណក្នុង និងក្រៅបង្គន់អនាម័យ ។ជួសជុលជាប្រចាំករណីមានការខូចខាត។សាងសង់អណ្ដូងទឹកឱ្យឆ្ងាយពីបង្គន់អនាម័យ។ កុំយកសត្វពាហនៈមកចងក្បែរអណ្ដូងទឹក ។ឧស្សាហ៍តាមដាន និងពិនិត្យគុណភាពទឹកផងដែរ។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃដដែលឯកឧត្តមរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ក៏បានដឹកនាំប្រតិភូក្រសួង លោកអភិបាលរងខេត្ត លោកប្រធានមន្ទីរនិងសហការី ចុះពិនិត្យការដ្ឋានការខួងអណ្ដូងធន់នឹងការប្រែប្រួលអាកាសធាតុ ចំនួនពីរកន្លែងនៅក្នុងភូមិថ្មី ឃុំក្រសាំង ស្រុករមាសហែក ខេត្តស្វាយរៀងផងដែរ៕
ដោយ៖នុត នាង








