នាយករដ្ឋមន្ត្រី ៖ បងប្អូនត្រូវដឹងថា វិស័យទេសចរណ៍ មានការចែកជារដូវកាល
សៀមរាប៖ សម្តេចធិបតី បានគូសបញ្ជាក់ឆ្លើយតបនឹងការលើកឡើងថ្មីៗនេះថា ទេសចរណ៍នៅសៀមរាបស្ងាត់! សម្ដេចថា បងប្អូនត្រូវដឹងថា វិស័យទេសចរណ៍ មានការចែកជារដូវកាល គឺមានរដូវភ្ញៀវច្រើន រដូវភ្ញៀវមធ្យម និងរដូវភ្ញៀវតិច ព្រោះភ្ញៀវទេសចរអន្តរជាតិ ក៏មានថ្ងៃវិសម្សកាលរបស់គេ ដែលត្រូវដើរលេងកម្សាន្ត និងថ្ងៃគេធ្វើការ ដែលនេះជាកត្តាជាក់ស្តែង ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ល្ងាចមិញ ខ្ញ៉ំលួចចូលទៅ PUB Street ខេត្តសៀមរាប ដើម្បីមើលស្ថានភាពជាក់ស្តែង ក្រោយពីមានការលើកឡើងថ្មីៗនេះថា ស្ងាត់ទេសចរណ៍ ។
សម្តេច ថា តាមរយះការចុះផ្ទាល់ ព្រមទាំងការជួបជាមួយអ្នកលក់ដូរនៅ Pub Street ។ បើតាមសំដីរបស់អ្នកលក់ដូរ ក្នុងរយៈពេលខែ ៦នេះ ស្ងាត់បន្តិច តែសំរាប់ថ្ងៃសៅរិ៍ និងថ្ងៃអាទិត្យ មានភ្ញៀវគ្រាន់បើ ។
សម្តេចធិបតី បានបន្តថា ល្ងាចមិញ សម្តេច បានអញ្ជើញអ្នកគ្រប់គ្រងតាមហាងទាំងតូច ទាំងធំ នៅតំបន់ Pub Street ដើម្បីទទួលយកព័ត៌មានពីអ្នកគ្រប់គ្រងតាមហាង ។ សម្តេច ថា កាចុះផ្ទាល់ មិនមែនជាការមិនទុកចិត្តមន្រ្តី រាយការណ៍តួរលេខទេសចរណ៍នោះទេ ប៉ុន្តែជាការផ្ទៀងផ្ទាត់ ។
សម្ដេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា នៅឆ្នាំទី១ នៃការកាន់តំណែងរបស់សម្ដេច ជានាយករដ្ឋមន្រ្ដីនេះ សម្ដេច យកចិត្តទុកដាក់ខ្លាំង លើការរៀបចំរចនាសម្ព័ន្ធតាមក្រសួង-ស្ថាប័ន និងជំនួបនានានៅក្រៅប្រទេស ប៉ុន្ដែចាប់ពីឆ្នាំទី២ ទៅ សម្ដេចនឹងចុះទៅដោយផ្ទាល់នៅថ្នាក់ក្រោមជាតិ ហើយការចុះទៅនេះ នឹងមិនប្រាប់ឱ្យដឹងមុនឡើយ ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត, សួង ពិសិដ្ឋ













