អ្នកចូលរួមពាក់ «បង់រុំត្រចៀកពណ៌ស» គោរពលោកត្រាំ ក្នុងសមាជបក្ស
បរទេស៖ ដើម្បីឲ្យបានដូចស្ថានភាពមានរបួសត្រចៀក របស់លោក Donald Trump ប្រតិភូដែលចូលរួមសន្និបាត គណបក្សសាធារណរដ្ឋ នៅទីក្រុង Milwaukee មានទាំងបុរសនិងស្ត្រី បាននាំគ្នាពាក់បង់រុំត្រចៀក នៅថ្ងៃព្រហស្បតិ៍នេះ ម៉ោងនៅអាមេរិក។

លោក Joe Neglia ប្រតិភូរដ្ឋ Arizona ដែលពាក់ «បង់រុំត្រចៀកពណ៌ ស» បាន ពន្យល់ថា «គ្រាន់តែក្រដាសមួយសន្លឹក ហើយអ្នកដាក់វា នៅលើត្រចៀករបស់អ្នក ជាការស្រេច»។ លោកបានពន្យល់ថា ការធ្វើបែបនេះ ដើម្បីគោរពលោកអតីតប្រធានធិបតីអាមេរិក Donald Trump ដែលទើបត្រូវបានប៉ុនប៉ង ផ្តាច់ជីវិត កាលពីថ្ងៃសៅរ៍។
លោក Joe Neglia បានបន្តថា លោកពិតជាអរគុណខ្លាំងណាស់ ចំពោះលោកត្រាំ ដែលបានលះបង់ស្ទើរពេញមួយជីវិតរបស់លោក ដើម្បីគណបក្សសាធារណរដ្ឋ។ «លោកត្រាំជាមនុស្សគួរឲ្យគោរព»។
ជាការកត់សម្គាល់ មុនពេលចូលរួមពិធីផ្លូវការ លោក Donald Trump បានពិនិត្យប្រព័ន្ធមេក្រូ និងទីតាំងត្រូវថ្លែង ដោយផ្ទាល់ នៅវេទិកា Fiserv នៅក្នុងទីក្រុង Milwaukee៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត