ឯកឧត្តម ប៊ុយ សុភ័ណ្ឌ ក្រើនរំលឹកដល់កីឡាករវ័យក្មេងត្រូវបង្កើនសមត្ថភាព ខណៈកម្ពុជាកំពុងឈានជើងចូលទីផ្សារជប៉ុន
(ភ្នំពេញ)៖ ឯកឧត្តម ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការ សហព័ន្ធកីឡាប្រដាល់ កម្ពុជា បានក្រើនរំលឹកដល់កីឡាករប្រដាល់សកលវ័យក្មេង ដែលជាកីឡាករ ជម្រើសជាតិ ត្រូវខិតខំហ្វឹកហាត់បង្កើនសមត្ថភាពឱ្យបានខ្លាំងក្លា ដើម្បីមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការបង្ហាញទេពកោសល្យសម្រាប់ការប្រកួតលើឆាកអន្តរជាតិ ដ្បិតបច្ចុប្បន្ននេះ គណៈកម្មការប្រដាល់សកលអាជីពកម្ពុជា បាននិងកំពុងចាប់ដៃជាមួយគណៈកម្មការប្រដាល់សកលអាជីពជប៉ុន ទទួលបានឱកាសច្រើនក្នុងការបញ្ជូនកីឡាករកម្ពុជាទៅប្រកួតលើទឹកដីប្រទេសជប៉ុន។

ការក្រើនរំលឹករបស់ ឯកឧត្តម ប៊ុយ សុភ័ណ្ឌ បានធ្វើឡើង នាថ្ងៃទី១៩ ខែ កក្តដា ឆ្នាំ២០២៤ ក្នុងកម្មវិធីសំណេះសំណាលលើកទឹកចិត្ត ជាមួយកីឡាករប្រដាល់កលជម្រើសជាតិវ័ក្មេង ចំនួន៥រូប ត្រៀមចេញទៅប្រកួតនៅប្រទេសជប៉ុន និងការប្រកួតប្រដាល់សកលជ្រើសរើសជើងឯករាធានីភ្នំពេញ នៅអាគារតុមូល គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

ឯកឧត្តម បានគូសបញ្ជាក់ថា សម្រាប់ការបញ្ជូនកីឡាករ ប្រដាល់សកល លឹម សៀវឡាំ ទៅចូលរួមប្រកួតក្នុង កម្មវិធី 3150 FIGHT នៅខេត្ត Nagoya នៅជប៉ុននេះ គឺជាលើកទី១ ដែលគណៈកម្មការប្រដាល់សកលអាជីពកម្ពុជា បានចាប់ដៃសហការជាមួយគណៈកម្មការប្រដាល់សកលអាជីពជប៉ុន ដែលជាការបើកទំព័រថ្មីមួយទៀត សម្រាប់ប្រដាល់សកលអាជីពកម្ពុជា ឈានទៅរកទីផ្សារប្រកួតធំនៅជប៉ុន នាពេលអនាគត។

សូមបញ្ជាក់ថា កីឡាករប្រដាល់ជម្រើសជាតិវ័យក្មេងទាំង៥រូបនេះ គឺកីឡាករប្រដាល់សកល លឹម សៀវឡាំ នឹងទៅចូលប្រកួត កម្មវិធី 3150FIGHT នៅខេត្ត Nagoyaនៅជប៉ុន នៅថ្ងៃទី២៥ ខែ កក្តដា ខណៈដែល៤រូបទៀត នឹងចូលរួមការប្រកួតកីឡាប្រដាល់សកលជ្រើសរើសជើងឯករាជធានីភ្នំពេញ នៅចុងខែកក្តដា ឆ្នាំ២០២៤ មាន ១៖ ស៊ីមន លាភហេង ៦៣:៥គីឡូ
២.រ៉ុន វិរះ ៦០គីឡូ ៣.ជាម៉េង ឆាយ ៥៤គីឡូ និង៤. ស៊ូប៊ីឌី ហ្គោបាល ៥៧គីឡូ៕


រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ