ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អញ្ជើញចូលរួមអគារសិក្សា និងសមិទ្ធផលនានាស្ថិតនៅវត្តត្រើយកោះ
កំពត៖ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយកនៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកម្ម ក្រសួងការពារជាតិ និងជាមេបញ្ជាការរងកងទ័ពជើងគោក នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤បានអញ្ជើញចូលរួមអគារសិក្សាមួយខ្នងកម្ពស់ពីរជាន់ស្មើនឹង១០បន្ទប់និងសមិទ្ធផលនានាដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានិងលោកជំទាវបណ្ឌិត ជូនសាលាបឋមសិក្សា ហ៊ុន សែន វត្តត្រើយកោះ ក្រុងកំពត ។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត មានប្រសាសន៍ក្នុងឱកាសនេះថា កម្ពុជាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលប្រសូត្រចេញពីគណបក្សប្រជាជនកម្ពុជា តាំងពីជំនាន់សម្តេចតេជោ ហ៊ុន សែន បន្តមកដល់សម្តេចធិបតី ហ៊ុន ម៉ាណែត តែងតែចាត់ទុកប្រជាពលរដ្ឋជាកែវភ្នែក ជាបេះដូង ជាម្ចាស់ប្រទេស ។ប្រមុខរាជរដ្ឋាភិបាលតែងតែខំប្រឹងប្រែងលះបង់គ្រប់បែបយ៉ាង ដើម្បីបុព្វហេតុនៃការអភិវឌ្ឍប្រទេស និងជួយសង្គ្រោះប្រជាជន ខណៈដែលក្រុមអ្នកជ្រុលនិយម តែងតែប្រឆាំងរារាំង មិនចង់ឱ្យប្រជាពលរដ្ឋ និងប្រទេសកម្ពុជាមានភាពរីកចច្រើន។

ឯកឧត្តមបន្តថា ក្នុងនាមពលរដ្ឋជាម្ចាស់ប្រទេស សិស្សានុសិស្ស យុវជនខ្មែរជំនាន់ក្រោយ ត្រូវមានស្មារតីសាមគ្គីគ្នា ចេះជួយគ្នា លើកទឹកចិត្តគ្នា គ្រាលំបាក ឬពេលមានអាសន្ន ហើយបោះបង់នូវវប្បធម៌ជាន់ពន្លិកគ្នាឯង។

ឯកឧត្តម ហ៊ុន ម៉ានិត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ សិស្សានុសិស្ស យុវជនចូលរួម និងជួយធ្វើជាកញ្ចក់ ជូនរាជរដ្ឋាភិបាល អាជ្ញាធរ សមត្ថិកិច្ចជំនាញ ក្នុងការបង្ការទប់ស្កាត់ ការបើកល្បែងស៊ីសងគ្រប់ប្រភេទ។ ពិសេសប្រឆាំងដាច់ខាតការចែកចាយ និងប្រើប្រាស់គ្រឿងញៀន និងចាត់ទុក គ្រឿងញៀនគឺជាខ្មាំង ៕
ដោយ សិល សារិន


