ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ស្វាគមន៍វិស័យឯកជនក្នុងការចូលរួមរាល់គំនិតដើម្បីកសាង និងអភិវឌ្ឍកម្ពុជា ឱ្យឆ្ពោះទៅមុខស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនីតិកាលទី៧
ភ្នំពេញ ៖ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងថា ក្នុងនាម ក្រសួងសូមស្វាគមន៍វិស័យឯកជនក្នុងការចូលរួមរាល់គំនិត ដើម្បីកសាង និងអភិវឌ្ឍកម្ពុជាឱ្យឆ្ពោះទៅមុខស្របតាមចក្ខុវិស័យ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងដូច្នេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំក្រុមការងារផ្នែកសំណង់ និងអចលនទ្រព្យ ( ក្រុម “ឌ”) ជាមួយផ្នែកឯកជនកាលពីព្រឹកថ្ងៃទី២២ កក្កដា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបន្តថា ក្រៅពីច្បាប់ផ្សេងៗ ច្បាប់សំណង់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ក៏ត្រូវរៀបចំបន្ថែម ដើម្បីធ្វើឱ្យការបំពេញការងារទាំងវិស័យសាធារណៈ និងវិស័យឯកជន មានភាពងាយស្រួល ក្នុងគោលដៅធ្វើយ៉ាងណាធានាបាននូវកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ពោលគឺការធានាបាននូវនិរន្តរភាពចំណូល ប្រជាពលរដ្ឋមានការងារធ្វើ និងការរស់នៅប្រកបដោយសុភមង្គល និងសេចក្តីថ្លៃថ្នូរ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានបញ្ជាក់អំពីគោលបំណងរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងការធានាបាននូវភាពងាយស្រួលសម្រាប់ជីវិត និងការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋកម្ពុជា តាមរយៈការផ្ដល់សេវាផ្សេងៗតាមប្រព័ន្ធអនឡាញ ដោយមិនចាំបាច់ចំណាយពេលវេលាច្រើនឡើយ ។ ដោយឡែកក្រៅពីការងារចុះបញ្ជីដីបង្ហើយ និងបញ្ចប់វិវាទដីធ្លីទូទាំងប្រទេស ក្រសួងក៏មានគោលដៅក្នុងការរៀបចំទីក្រុងឱ្យក្លាយជាទីកន្លែងដែលងាយស្រួលរស់នៅ ក្នុងនោះមាន ការរៀបចំហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ទីប្រជុំជន និងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីផ្ដល់សេវារួមមាន សេវាសង្គ្រោះបន្ទាន់ និងសេវាពន្លត់អគ្គិភ័យ។

ចំពោះការសាងសង់កម្ពស់លូ និងកម្ពស់ផ្ទះ ក្រសួងនឹងកំណត់នីវ៉ូឱ្យបានច្បាស់លាស់។រីឯចំពោះបញ្ហានៅទីក្រុង ក្រសួងបានរៀបចំក្រុមការងារមួយ ដើម្បីកំណត់ពីប្រភេទ និងទំហំនៃបញ្ហា ដើម្បីងាយស្រួលដោះស្រាយ និងបញ្ជៀសរាល់បញ្ហាដែលអាចកើតមានឡើងជាមួយប្រជាពលរដ្ឋ។

សូមជម្រាបថា ចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ គឺធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានជីវភាពធូរធារ ។មានការងារធ្វើ ។មានប្រាក់ចំណូល ។មានលំនៅឋានរស់នៅសមរម្យក្នុងភូមិឋានក្សេមក្សាន្ត សុខសុវត្ថិភាព ។មានអាហារហូបចុកគ្រប់គ្រាន់។ ទទួលបានការសិក្សាអប់រំគ្រប់ៗគ្នា ។រស់នៅមានសេចក្តីសុខសុភមង្គលក្នុងក្រុមគ្រួសារ ក្នុងសង្គមជាតិ និងរស់នៅប្រកបដោយមោទនភាពនៅលើទឹកដីរបស់ខ្លួន៕
ដោយ៖ គ្រី សម្បត្តិ

