សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតរម្លែកមរណទុក្ខ ជូនក្រុមគ្រួសារសព អាកាសយានិក ស៊ុន ផល្លា និងលោក ខេង ឆៃយុទ្ធ
(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ បានផ្ញើសារលិខិតរម្លែកមរណទុក្ខជូនក្រុមគ្រួសារសព ចំពោះមរណភាពរបស់អាកាសយានិក ០២រូប គឺលោក ស៊ុន ផល្លា និងលោក ខេង ឆៃយុទ្ធ ដែលបានពលី ក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ នៅលើភ្នំយ៉ាវយ៉ៃ ខេត្តពោធិ៍សាត់ ។

ក្នុងសាររំលែកទុក្ខ ផ្ញើជូន លោកស្រី ឆែម កល្យាណ និងលោកស្រី ខាន់ ចាន់ធុល ព្រមទាំងក្រុមគ្រួសារ សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា ខ្ញុំ និងភរិយា មានសេចក្តីតក់ស្លុត និងរំជួលចិត្តយ៉ាងខ្លាំងបំផុត ក្រោយពីបានទទួលដំណឹងដ៏ក្រៀមក្រំ នៃមរណភាព របស់លោកអនុសេនីយ៍ឯក ខេង ឆៃយុទ្ធ និងលោកវរសេនីយ៍ទោ ស៊ុន ផល្លា យោធិនអាកាសយានិក នៃកងយុទ្ធពលខេមរភូមិន្ទ ដែលជាស្វាមីរបស់លោកស្រី ក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ កាលពីថ្ងៃ សុក្រ ទី១២ ខែកក្កដា ឆ្នាំ២០២៤ នៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ កន្លងមកនេះ ។
ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ សម្ដេចតេជោ និងភរិយា សូមចូលរួមរំលែកទុក្ខ និងសម្តែងនូវ ការស្តាយស្រណោះ អាឡោះអាល័យស្ទើររកទីបំផុតគ្មាន ជាមួយលោកស្រីទាំងពីររូប ព្រមទាំងក្រុមគ្រួសារ ដែលបានបាត់បង់នូវស្វាមីប្រកបដោយសង្គហធម៌ និងឪពុកប្រកបដោយព្រហ្មវិហារធម៌ចំពោះបុត្រធិតា និងក៏ ជាការបាត់បង់នូវអាកាសយានិកដ៏អង់អាចក្លាហាន ដែលបានចូលរួមធ្វើពលិកម្មគ្រប់បែបយ៉ាងប្រកបដោយ ឆន្ទៈមនសិការដ៏មោះមុត ក្នុងបុព្វហេតុបម្រើជាតិ សាសនា ព្រះមហាក្សត្រ និងការពារបូរណភាពទឹកដីជារៀង រហូតមក។
ក្នុងខណៈវេលាដ៏ក្រៀមក្រំនេះ សម្ដេចតេជោ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោកអនុសេនីយ៍ឯក ខេង ឆៃយុទ្ធ និងលោកវរសេនីយ៍ទោ ស៊ុន ផល្លា ឆាប់បានចាប់កំណើតកើតក្នុងសុគតិភពគ្រប់ជាតិ កុំបីឃ្លៀង ឃ្លាតឡើយ ។
សូមរំលឹកថា ឧទ្ធម្ភាគចក្រដែលបាត់ពីការទាក់ទង ពេលហោះហើរ ម៉ាក Z-9 លេខ MH912 ត្រូវហ្វឹកហ្វឺនពីភ្នំពេញ-ថ្មដា-ពោធិសាត់-ភ្នំពេញ។ ដោយចេញដំណើរពីថ្ងៃទី១២ ខែកក្កដា។ លើឧទ្ធម្ភាគចក្រ មានលោក ស៊ុន ផល្លា ជាប្រធានក្រុម និងលោក ខេង ឆៃយុទ្ធ ជាអាកាសយានិក។ រហូតមកដល់ថ្ងៃទី៣០ ខែកក្កដា បេសកកម្មត្រូវបានបញ្ចប់ ដោយបានរកឃើញ ឧទ្ធម្ភាគចក្រធ្លាក់ នៅចំណុចចង្កេះភ្នំយ៉ាវយ៉ៃ ស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ និងសាកសព អាកាសយានិកទាំងពីរនាក់ ។
ក្នុងសន្និសីទសារព័ត៌មាន កាលពីព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ថា សពអាកាសយានិកទាំងពីររូប នឹងត្រូវយកមករៀបចំពិធីបុណ្យ នៅអគ្គបញ្ជាការដ្ឋាន កងទ័ពអាកាស នារាជធានីភ្នំពេញ ឱ្យស័ក្តិសមនឹងកិត្តិយស របស់លោកទាំងពីរ ៕
ដោយ ៖ វណ្ណលុក