គណៈកម្មការទី៣ នៃរដ្ឋសភា អញ្ជើញជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្តកំពង់ចាម
ខេត្តកំពង់ចាម៖ គណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយមនៃរដ្ឋសភា (គណៈកម្មការទី៣) ដឹកនាំដោយ ឯកឧត្តម សន្តិបណ្ឌិត ឡូយ សុផាត ប្រធានគណៈកម្មការ អញ្ជើញជួបប្រជុំជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្តកំពង់ចាម នារសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ដើម្បីឈ្វេងយល់ ប្រមូលព័ត៌មាន និងបញ្ហាប្រឈមនានា ក្នុងការប្រតិបត្តិច្បាប់នៅមូលដ្ឋាន ដែលត្រូវរួមសហការគ្នារវាងស្ថាប័ននីតិប្បញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិ ជំរុញការអនុវត្តន៍កម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ។
ឯកឧត្តម ហេង វណ្ណនី អភិបាលស្តីទី ខេត្តកំពង់ចាម បានលើកឡើងពីស្ថានភាពទូទៅ និងសភាពការណ៍ក្នុងខេត្ត ពិសេស គឺបានជម្រាបជូនពីការងារមួយចំនួន ដែលទាក់ទិននឹងវិស័យទទួលខុសត្រូវរបស់គណៈកម្មការ ដូចជាការងារកសិកម្ម និងធនធានទឹកនៅក្នុងខេត្តកំពង់ចាម ។
ឯកឧត្តម ហេង វណ្ណនី បន្តថា ស្ថានភាពភូមិសាស្ត្រខេត្តកំពង់ចាម មានអំណោយផលល្អ ក្នុងវិស័យកសិកម្ម គួបផ្សំជាមួយប្រជាពលរដ្ឋប្រកបមុខរបរកសិកម្មជាចម្បងមាន ៦២,៩% ខេត្តកំពង់ចាមមានផ្ទៃដីដាំដុះដំណាំស្រូវ រដូវវស្សា និងរដូវប្រាំង ចំនួន ១៥១.៨២៧ហិចតា ដំណាំសាកវប្បកម្ម (រយៈពេលខ្លី មានដូចជា៖ ពោតស ដំឡូងជ្វា បន្លែគ្រប់មុខ ជាដើម) ចំនួន ១៨.៦៣២ហិចតា, ផលិតកម្មឧស្សាហកម្ម (រយៈពេលខ្លី មានដូចជា ពោតក្រហម ដំឡូងមី សណ្ដែកបាយ សណ្ដែកដីជាដើម) ចំនួន ៤៣.៤៣៧ហិចតា និង ដំណាំអចិន្ត្រៃយ៍ (រយៈពេលវែង មានដូចជា៖ កៅស៊ូ ចេក ស្វាយចន្ទី ជាដើម) ចំនួន ៨៤.០១៣ ហិចតា។
ចំពោះវិស័យធនធានទឹក៖ ប្រព័ន្ធធារាសាស្ត្រ នៅក្នុងខេត្តកំពង់ចាម មានប្រឡាយមេ និងប្រឡាយរង សរុប ប្រវែង ៣០៧.៦ គីឡូម៉ែត្រ ប្រឡាយបេតុង សរុប ប្រវែង ២៧.១៩ គីឡូម៉ែត្រ ប្រឡាយជើងក្អែប សរុប ៦៤៣.៥៩ គីឡូម៉ែត្រ ស្ថានីយ៍បូមទឹក ០៤កន្លែង សំណង់សិល្បៈការតូចធំ (សំណង់ទ្វារទឹក សំណង់លូទឹក សំណង់ស្ទាក់ទឹក និងសំណង់បង្កៀរ) សរុបចំនួន ៨៦៤កន្លែង អាងស្តុកទឹកចំនួន ៣៤កន្លែង បរិមាណស្តុកទឹក ចាប់ពី ១លានម៉ែត្រគូប ដល់ ១៨ លានម៉ែត្រគូប ដែលអាចប្រើប្រាស់បានក្នុងរដូវបង្កបង្កើនផលស្រូវរដូវប្រាំង។ ផ្ទៃដីអាចស្រោចស្រពស្រូវប្រាំង (DS) ចំនួន ៥៦,៤២៦ហិកតា និងស្រូវវស្សា (WS) ចំនួន ៥៤,៦៦៦.៨២ហិកតា។
ឯកឧត្តមអភិបាលខេត្តស្តីទី បានបន្តទៀតថា ការសាងសង់ច្រាំងទន្លេមេគង្គក្រុងកំពង់ចាម បានប្រវែងសរុប ៣៧៨ម៉ែត្រ រៀបចំបាវខ្សាច់ (Geo Textile Bag) បានប្រវែង ៧.៣៤០ម៉ែត្រ ស្ថិតនៅស្រុកស្ទឹងត្រង់ កងមាស និងស្រុកស្រីសន្ធរ ។ រៀបថ្មច្រកក្នុងសំណាញ់ តាមជើងទេព្រែកអន្លង់គគីរ បានប្រវែង ២៥០ម៉ែត្រ ក្នុងឃុំព្រែកកុយ ស្រុកកងមាស ។
ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង បំពេញភារកិច្ចរបស់ថា្នក់ដឹកនាំខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធ ដែលបានសម្រេចលទ្ធផលគួរឱ្យកោតសរសើរ ជាប្រយោជន៍ជូនប្រជាពលរដ្ឋក្នុងខេត្តទាំងមូល ។
ឯកឧត្តមក៏បានកត់សម្គាល់នូវបញ្ហាប្រឈមដែលខេត្តបានជួបប្រទះ ដោយបានលើកទឹកចិត្ត និងជំរុញដល់ថ្នាក់ដឹកនាំខេត្ត និងសហការីទាំងអស់ រួមគ្នាខិតខំបំពេញការងារបន្ថែមទៀត ក្នុងការដោះស្រាយរាល់បញ្ហាប្រឈមទាំងនោះ។ ចំណែកឯគណៈកម្មការ នឹងពាំនាំយកបញ្ហាប្រឈមទាំងនេះ ទៅជម្រាបជូនសម្តេចប្រធានរដ្ឋសភា ដើម្បីជួយធ្វើអន្តរាគមន៍ទៅរាជរដ្ឋាភិបាល ជួយដោះស្រាយឲ្យបានទាន់ពេលវេលា ដើម្បីឲ្យខេត្តមានលទ្ធភាពពេញលេញ ក្នុងការបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋ និងផលប្រយោជន៍របស់ប្រទេសជាតិ ។
បន្ទាប់មកគណៈប្រតិភូគណៈកម្មការទី៣នៃរដ្ឋសភា ក៏បានបន្តដំណើរចុះពិនិត្យមើលទីតាំងសិក្សាការពារច្រាំងទន្លេ នៅតំបន់ប្រជុំកោះពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ចុះពិនិត្យសិក្សាប្រព័ន្ធធារាសាស្ត្រព្រែកពោធិ៍ ស្ថិតក្នុងឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ចុះពិនិត្យសិក្សាស្ថានីយបូបទឹកវ៉ៃកូ ស្ថិតនៅឃុំមហាលាភ ស្រុកកោះសូទិន ចុះពិនិត្យសិក្សាស្វែងយល់ក្រុមហ៊ុន ឡុង ស្រេង Long Sreng Agriculture Development Co.LTD) ជាក្រុមហ៊ុននាំចេកចេញទៅប្រទេសចិន និងទីកន្លែងកែច្នៃកៅស៊ូនាំចេញ ដែលមានទីតាំងនៅឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម និងចុះពិនិត្យគម្រោងសាងសង់ទីលានចាក់សំរាម (ជាគម្រោង ADB) ដែលមានទីតាំងស្ថិតនៅភូមិកោះរកា ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ៕
ប្រភព ៖ រដ្ឋសភា



