អនុប្រធានមន្ទីរអប់រំយុវជន និងកីឡា រាជធានីភ្នំពេញ កោតសរសើរថា ទាំងកម្រិតបច្ចេកទេស វិន័យ និង សណ្តាប់ធ្នាប់គឺល្អប្រសើរ
(ភ្នំពេញ)៖ លោក អ៊ុក ចន្ថា អនុប្រធានមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញ បានថ្លែងលើកឡើងថា ការប្រកួតកីឡាប្រដាល់សកលនិងគុនខ្មែរជ្រើស រើសជើងឯក រាជធានីភ្នំពេញ ប្រចាំឆ្នាំ២០២៤ បានបញ្ចប់ទៅដោយរលូននិងជោគជ័យ ។
លោក បានកោតសសើរ ចំពោះ សហព័ន្ធកីឡាប្រដាល់សកលនិងគុនខ្មែរ គណៈកម្មការរៀបចំការប្រកួតគ្រប់ផ្នែកដែលបានផ្តល់ កិច្ចសហការបានយ៉ាងល្អ ប្រសើរធ្វើឲ្យការប្រកួតកីឡាប្រដាល់សកលនិងគុនខ្មែរ នាពេលកន្លងមកចាប់តាំងពីថ្ងៃបើក រហូតមកដល់ថ្ងៃបិទបញ្ចប់ការប្រកួតទទួលបានជោគជ័យគួរជាទីមោទនៈ ។

អនុប្រធានមន្ទីរអប់រំយុវជននិងកីឡាខាងលើ បានគូបញ្ជាក់ទៀតថា ក្លិប កីឡាប្រដាល់ សកលនិងគុនខ្មែរបានចូលរួមប្រកួតក្នុងឆ្នាំនេះ ទទួលបានលទ្ធផលល្អគួរឱ្យកត់សម្គាល់ លើកម្រិតបច្ចេកទេស វិន័យ និង សណ្តាប់ធ្នាប់ គឺការស្តែងចេញឱ្យឃើញនូវការខិតខំប្រឹងប្រែង ហ្វឹកហាត់របស់កីឡាករ កីឡាការិនី និងការជួយឧបត្ថម្ភ គាំទ្រលើកទឹកចិត្តទាំងធនធាន សម្ភារ ថវិកា របស់ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន ក្លិបកីឡា ថ្នាក់ដឹកនាំ គ្រូបង្វឹក ក្នុងការដឹកនាំក្រុម របស់ខ្លួនចូលរួមប្រកួត ឈរលើស្មារតីទទួលខុសត្រូវ ខ្ពស់និងស្រឡាញ់ចូលចិត្តវិស័យកីឡា ប្រដាល់សកលនិងគុនខ្មែរ ពិតប្រាកដមែន។ កីឡាករ កីឡាការិនីទាំងអស់ដឹង ហើយថា ការចូលប្រកួតកីឡានាពេលនេះ គឺការប្រកួតមួយ ដើម្បីបង្កើនកម្រិតបច្ចេកទេស និង ផ្លាស់ប្តូររូបទពិសោធន៍គ្នាទៅវិញទៅមក ក្នុងន័យ មិត្តភាព សាមគ្គី ភាព និង សុខភាព។

លោកថា រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ក្រោមការដឹកនាំ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ដែលក្នុងនោះគឺការលើកកម្ពស់ ការអភិវឌ្ឍមូលធនមនុស្សប្រក បដោយគុណភាព សុខភាពល្អ ជំនាញនិងសីលធម៌ល្អ ជាពិសេសលើកកម្ពស់ វប្បធម៌ជាតិ បង្កើតគំនិតថ្មីៗ វប្បធម៌សិក្សាពេញមួយជីវិត សំដៅធានាការអភិវឌ្ឍសង្គមសេដ្ឋកិច្ចប្រ កបដោយ ចីរភាព និងលើកកម្ពស់ ការអភិវឌ្ឍវិស័យអប់រំកាយនិងកីឡា ព្រោះវិស័យនេះជួយ លើកស្ទួយសុខុមាលភាពរបស់ប្រជាពលរដ្ឋ ឱ្យមានកាយ សម្បទាមាំមួន និង សុខភាពល្អ ចៀសផុតពីជម្ងឺដង្កាត់ ផ្សេងៗ និង អំពើអបាយមុខមួយចំនួនដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ រាជធានីភ្នំពេញ ឱ្យកាន់តែមានភាពរីកចម្រើន ឡើង ពីមួយឆ្នាំទៅមួយឆ្នាំ ។

ទន្ទឹមជាមួយគ្នានេះ លោកបានសំណូមពរ ដល់ឯកឧត្តម លោកជំទាវ លោក លោកស្រីប្រធាន ក្លឹបកីឡាប្រដាល់សកលនិងគុនខ្មែរក្នុងរាជធានីភ្នំពេញមេត្តាជួយបណ្តុះបណ្តាលនូវ កីឡាករកីឡាការិនី ផ្ទាលបន្តវេននិងបង្កលក្ខណៈងាយស្រួលជួយឧបត្ថម្ភគាំទ្រដល់កីឡាករ កីឡាការិនី ដែលទទួលបានលទ្ធផលល្អ នាពេលនេះ បានបន្តការហ្វឹកហាត់ បង្កើនកម្រិតបច្ចេកទេស បន្ថែម ទៀតដើម្បីត្រៀមលក្ខណះ ចូលរួមប្រកួតកីឡាប្រដាល់ សកលនិងគុនខ្មែរថ្នាក់ជាតិ ដែលរៀបចំឡើងដោយសហព័ន្ធកីឡាជាតិនិងក្រសួងអប់រំយុវជននិងកីឡានាពេលខាងមុខ ។
សូមបញ្ជាក់ថា ការប្រកួតកីឡាប្រដាល់សកលនិងគុនខ្មែរជ្រើស រើសជើងឯក រាជធានីភ្នំពេញ ប្រចាំឆ្នាំ២០២៤ដំណើរការចាប់តាំងពីថ្ងៃទី២២ ,២៣ ខែកក្កដា រហូតមកដល់ទី៣០ ខែ កក្តដា ឆ្នាំ២០២៤ ដោយមាន ប្រកួតមានចំនួន ១១ ក្លឹប ហើយមាន វិញ្ញាសា ប្រកួតចំនួន ១៣ ប្រភេទ ទំងន់ និងមាន ប្រតិភូ គ្រូបង្វឹក កីឡាករ ការិនីសរុប ចំនួន ១០០នាក់ ៕




រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ