គ.ជ.បបញ្ជាក់ពីកាលបរិច្ឆេទនៃការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោត ក៏ដូចជាការដាក់ពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ

(ភ្នំពេញ)៖ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)បញ្ជាក់ប្រាប់អំពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតគណបក្សនយោបាយ និងក៏ដូចជាការដាក់ពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ នីមួយៗក្នុងឆ្នាំ២០២៤នេះ។

ថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធស្តីពីការប្រកាសផ្សព្វផ្សាយប្រតិទិន នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ដែលធ្វើឡើងនាថ្ងៃទី ៣១ ខែ កក្កដានេះ ឯកឧត្តម ប្រាជ្ញ ចន្ទ ឱ្យដឹងថា៖ «យោងតាមប្រតិទិននេះដែរចំពោះ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ត្រូវចាប់ផ្តើមពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលក្នុងនោះការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ទូទាំងប្រទេសមានរយៈពេល ១៦ថ្ងៃ គឺចាប់ផ្តើមពីថ្ងៃទី១ ខែកញ្ញា រហូតដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤»។

ប្រធាន គ.ជ.ប បានលើកឡើងឱ្យដឹងដែរថាបើយោងតាមសេចក្តីសម្រេចស្តីពីការធ្វើប្រតិភូកម្មអំណាចដល់ក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុង ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងសេចក្តីសម្រេច ចុះថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ ស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤គ.ជ.បបានធ្វើការណែនាំដល់លេខាធិការដ្ឋានរាជធានី ខេត្ត រៀបចំការបោះឆ្នោត ក្រុមប្រឹក្សាឃុំ សង្កាត់ និងមេភូមិចាត់ចែងអនុវត្ត ដូចជា
ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២៣ ហើយដែលបានប្រើប្រាស់ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (អ.ខ) ដែលអស់សុពលភាព ឬឯកសារបញ្ជាក់អត្តសញ្ញាណ បម្រើឱ្យការចុះឈ្មោះបោះឆ្នោតកន្លងមក ដើម្បីពិនិត្យផ្ទៀងផ្ទាត់ និងទៅធ្វើបច្ចុប្បន្នភាពទិន្នន័យ ក្នុងបញ្ជីបោះឆ្នោតតាមអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលមានសុពលភាពក្នុងអំឡុងពេល ពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤។ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២៣ ហើយដែលបានប្រើ អ.ខដែលមានសុពលភាពក្នុងការចុះឈ្មោះបោះឆ្នោតកន្លងមក ដើម្បីធ្វើការផ្ទៀងផ្ទាត់ឈ្មោះ និងទិន្នន័យរបស់ខ្លួនក្នុងបញ្ជីបោះឆ្នោត ប្រសិនបើពិនិត្យឃើញថាមានការកត់ត្រាមិនបានត្រឹមត្រូវតាម អ.ខ ដែលមានសុពលភាព អាចស្នើសុំកែតម្រូវក្នុងអំឡុងពេលពិនិត្យបញ្ជីឈ្មោះ និង ចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤។

ឯកឧត្តមបានបញ្ជាក់បន្ថែមថា គោលដៅនៃការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោតនៅឆ្នាំនេះ ក៏ដូចជារៀងរាល់ឆ្នាំ គឺដើម្បីធានា ឱ្យបញ្ជីបោះឆ្នោត មានភាពពេញលេញ ត្រឹមត្រូវ និងមានបច្ចុប្បន្នភាព ប្រកបដោយសុវត្ថិភាព។

ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគ.ជ.បបានថ្លែងដែរថា៖ ការដាក់ និងការទទួលពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយវិញត្រូវចុះហត្ថលេខាដោយប្រធាន ឬតំណាង គណបក្សនយោបាយ ដែលទទួលបានការផ្ទេរសិទ្ធិជាលាយលក្ខណ៍អក្សរ ពីប្រធានគណបក្សនយោបាយ។ ការផ្ទេរសិទ្ធិនេះ មិនអនុញ្ញាតឱ្យផ្ទេរសិទ្ធិបន្តឡើយ លើកលែងតែក្នុងលិខិតផ្ទេរសិទ្ធិនោះ មានខ្លឹមសារ អនុញ្ញាតឱ្យផ្ទេរសិទ្ធិបន្ត។សម្រាប់កាលបរិច្ឆេទនៃការដាក់ និងការទទួលពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ ចាប់ផ្តើម ពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ បញ្ចប់នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤។ គណបក្សនយោបាយ ដែលបានចុះបញ្ជីត្រឹមត្រូវតាមច្បាប់ស្តីពីគណបក្សនយោបាយ មានសិទ្ធិចាត់តាំងភ្នាក់ងាររបស់ខ្លួនមួយចំនួនតាមការចាំបាច់របស់គណបក្ស ដើម្បីសង្កេតមើលការ ពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅតាមសាលាឃុំ សង្កាត់ និងតាមការិយាល័យ ចុះឈ្មោះបោះឆ្នោតក្នុងឃុំ សង្កាត់ ដែលកំណត់ដោយ គ.ជ.ប ។

ជាមួយគ្នានេះ ប្រធាន គ.ជ.ប ក៏បានបង្ហាញពីកាលបរិច្ឆេទនៃការដាក់ ទួលពាក្យសុំចុះឈ្មោះជាអ្នកសង្កេតការជាតិនិងអន្តរជាតិវិញគឺអ្នកសង្កេតជាតិចាប់ផ្តើមពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ បញ្ចប់នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ ចំណែកអ្នកសង្កេតការណ៍អន្តរជាតិចាប់ពីថ្ងៃទី១ ខែសីហា ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ៕

អត្ថបទ ៖ ម៉ាដេប៉ូ
រូបភាព ៖ គ្រីសម្បត្តិ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner