អ្នកនាំពាក្យក្រសួងសាធារណៈការ ៖ ស្ថានភាពខ្លះលើកំណាត់ផ្លូវជាតិ​លេខ ៤៨ ជួបប្រទះបញ្ហា និងបង្កការលំបាកដល់ការធ្វើដំណើរ

(ភ្នំពេញ)៖ ឯកឧត្តម ផន រឹម អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួង​សាធា​រណៈការ និងដឹកជញ្ជូន បានបញ្ជាក់ថា ភ្លៀងធ្លាក់ជាប់ៗគ្នាជារៀងរាល់​ថ្ងៃមកនេះ ធ្វើឱ្យដំណើរការការដ្ឋាន និងស្ថានភាពខ្លះលើកំណាត់ផ្លូវជាតិលេខ​៤៨ (ស្រែអំបិល-កោះកុង) បានជួប ប្រទះបញ្ហា និងបង្កការលំបាកដល់ការធ្វើ​ដំណើរ​របស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសនៅចំណោតតាប៉ន និងចំណោត​តាតៃ ។

ឯកឧត្តមអ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន បានអំពាវ​នាវ​ដល់​អ្នកប្រើប្រាស់ដងផ្លូវជាតិលេខ៤៨ (ស្រែអំបិល- កោះកុង) ជាពិសេស​រថយន្ត​ដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ សូមមានការប្រុងប្រយ័ត្នខ្ពស់ និងមេត្តាកុំដឹក​ធ្ងន់​ពេក ដោយសារអំឡុងពេលនេះជារដូវវស្សា មានភ្លៀងធ្លាក់ជោគជាំ ផ្លូវរអិល​ពិបាក​ធ្វើដំណើរ ជាពិសេសកន្លែងឡើងទូល និងចំណោត។

ម្យ៉ាងវិញទៀត រថយន្តឈ្នួល(TAXI) និងអ្នកធ្វើដំណើរផ្សេង ទៀត ក៏ត្រូវបើក​បរ​ក្នុងល្បឿនមួយអាចគ្រប់គ្រងបាន ធានាសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ។ ក្រុមការងារការដ្ឋានបានព្យាយាមបង្កើនបង្គោលសុវត្ថិភាព ស្លាកសញ្ញាចរាចរ​ណ៍​បន្ថែមទៀត ដើម្បីញ្ចៀសហានិភ័យផ្សេងៗអាចកើតឡើងជាយថាហេតុ ។ សូមសាធារណជន ជាពិសេសអ្នកប្រើប្រាស់ផ្លូវជាតិលេខ៤៨ មេត្តា​យោគ​យល់ និងអធ្យាស្រ័យខ្ពស់បំផុត។ គួរបញ្ជាក់ថា បច្ចុប្បន្ននេះផ្លូវជាតិលេខ៤៨ កំពុងស្តារ និងលើកកម្រិតគុណភាព ដោយសម្រេចបានលទ្ធផលជារួម ៦៣,៣១% ហើយ គិតត្រឹមចុងខែកក្កដា ឆ្នាំ២០២៤ ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner