ខេត្តសៀមរាប ឆមាសទី១គ្រោះថ្នាក់ចរាចរណ៍ចំនួន ៧៥លើក បណ្តាលឱ្យស្លាប់៥៧នាក់
សៀមរាប៖ឆមាសទី១ កន្លងទៅនេះ ខេត្តសៀមរាប ចំនួនគ្រោះថ្នាក់ចរាចរណ៍និងចំនួនអ្នកបាត់បង់ជីវិតបានកើនឡើងគួរកត់សម្គាល់។ក្នុងគោលបំណងបង្ការនិងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅខេត្តទេសចរណ៍មួយនេះកាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ លេខាធិកាដ្ឋានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ដសៀមរាប និងរដ្ឋបាលខេត្ដសហការជាមួយ ការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តនិងក្រុមយុវជននៃសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានចុះយុទ្ធនាការ អប់រំ ណែនាំដល់ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរនៅផ្លូវជាតិលេខ៦ ខាងកើតផ្សារលើធំថ្មី ក្រុងសៀមរាប។
របាយការណ៍របស់លេខាធិការដ្ឋានអនុគណៈកម្មការសុវត្ថិចរាចរណ៍ខេត្តបង្ហាញថាគ្រោះថ្នាក់ចរាចរណ៍ក្នុងឆមាសទី១ ឆ្នាំ២០២៤ ក្នុងភូមិសាស្រ្តខេត្តសៀមរាប គ្រោះថ្នាក់ចរាចរណ៍បានកើតមានចំនួន ៧៥លើក កើនឡើង៣៣លើក ស្មើនឹង៧៨ភាគរយ,បណ្តាលឱ្យបាត់បង់ជីវិត៥៧នាក់(ស្រី២០នាក់) កើនឡើង២៤នាក់ ស្មើនឹង៧២ភាគរយ,របួសធ្ងន់ ចំនួន៣៤នាក់ ( ស្រី៥នាក់),របួសស្រាល ចំនួន៧១នាក់ (ស្រី២៥នាក់ )កើនឡើង៤៣នាក់ ស្មើនឹង១៥៣ភាគរយ។សរុបអ្នករងគ្រោះ ចំនួន១៦២នាក់ (ស្រីចំនួន៥០នាក់, បរទេស៦នាក់)។
ក្នុងគ្រោះថ្នាក់នេះដែរបណ្ដាលឱ្យខូចខាតយានយន្តសរុប ១៣៥គ្រឿង ដោយខូចធ្ងន់៨៦គ្រឿង និងស្រាល៤៩គ្រឿង។
លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត និងជាប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ដសៀមរាប បានលើកឡើងថា កំណើនមធ្យោបាយយានយន្ត ការនិយមប្រើប្រាស់យានជំនិះផ្ទាល់ខ្លួនច្រើនជាងការប្រើប្រាស់ មធ្យោបាយដឹកជញ្ជូនសាធារណៈ ការប្រើប្រាស់ទ្រូងផ្លូវ ចិញ្ចើមផ្លូវ មិនទាន់បានត្រឹមត្រូវ លក្ខខណ្ឌបច្ចេកទេសយានយន្ត ការរំលោភដីចំណីផ្លូវ និងកត្តាគួបផ្សំមួយចំនួនទៀតបានបង្កើតទៅជាបញ្ហាប្រឈមការកកស្ទះចរាចរណ៍ និង តែងតែកើតមានគ្រោះថ្នាក់ចរាចរណ៍ជារៀងរាល់ថ្ងៃ។ ជាពិសេសតាមបណ្តោយផ្លូវជាតិសំខាន់ៗ ត្រង់ចំណុចប្រសព្វ។បញ្ហានេះ បានក្លាយជាក្តីព្រួយបារម្ភដ៏ធំ របស់អនុគណៈកម្មការសុវត្ថិភាពចារចរណ៍ផ្លូវគោកខេត្តសៀមរាប ៕
ដោយ៖ប៊ុនរដ្ឋា