អាមេរិកហាមអ៊ីស្រាអែល កុំឲ្យកាន់កាប់ហ្គាហ្សា យូរអង្វែង
បរទេស៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយ កាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិកបានច្រានចោល ការកាន់កាប់តំបន់ហ្គាហ្សា របស់អ៊ីស្រាអែល រយៈពេលវែង។
លោក Antony Blinken បាននិយាយ ក្នុងពេលមានវត្តមាន នៅប្រទេសកាតា ជាទីដែលលោកជំរុញឲ្យមានបទឈប់បាញ់ថា «ច្បាស់ណាស់ សហរដ្ឋអាមេរិក បដិសេធ នូវរាល់ការកាន់កាប់តំបន់ហ្គាហ្សាស្ទ្រីប រយៈពេលវែង របស់អ៊ីស្រាអែល»។
លោក Antony Blinken បានបញ្ជាក់ជាថ្មី អំពីការអំពាវនាវរបស់លោក ឱ្យក្រុម ហាម៉ាស់ ទទួលយក សំណើសម្រាប់កិច្ចព្រមព្រៀង នៅតំបន់ហ្គាហ្សា។ លោក Blinken ថា អ៊ីស្រាអែលបានទទួលយកសំណើររបស់សហរដ្ឋអាមេរិក ដើម្បីបិទគម្លាត រវាងភាគីទាំងពីរ ហើយលោកបានជំរុញឱ្យក្រុមហាម៉ាស់ ធ្វើតាមអ៊ីស្រាអែល។
អ្នកការទូតកំពូលសហរដ្ឋអាមេរិក រូបនេះ បានបញ្ជាក់ថា មិនត្រូវឲ្យខាតពេល បន្តទៀត ក្នុងការធានា ឲ្យមានកិច្ចព្រមព្រៀងបទឈប់បាញ់ នៅតំបន់ហ្គាហ្សានោះទេ ដោយលោកអះអាងថា ពេលនេះ គឺជាពេលដ៏ល្អ សម្រាប់កិច្ចព្រមព្រៀងបទឈប់បាញ់ រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ប៉ាឡេស្ទីន។
គួរបញ្ជាក់ថា មនុស្សជាង៤ម៉ឺននាក់ត្រូវបានសម្លាប់ ក្នុងសង្គ្រាម ប្រមាណ១០ខែមកនេះ នៅហ្គាហ្សា៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត