សាដូ បុកស៊ីង អះអាងថា ឱកាសឡើងសង្វៀនប្រកួតលើកទី១ជាឱកាសត្រួសត្រាយផ្លូវ ខណៈដែលយ៉េន បូរ៉ា ចង់ស្គាល់ខ្លាំងអ្នកល្អកណ្តាប់ដៃ
(ភ្នំពេញ)៖ សាដូ បុកស៊ីង មានឈ្មោះពិត សឿង គឹមសេង សិស្សគុនក្លិបប្រដាល់គុនខ្មែរអន្តរជាតិKKIF នឹងត្រូវប៉ះ កីឡាករ យ៉េន បូរ៉ា សិស្សគុនមកពីក្លិបអេភូថងកីឡា សមាគមកីឡាកងយោធលខេរភូមិ ក្នុងកម្មវិធីប្រដាល់អាណាចក្រថ្នាលគុនខ្មែរ នៅថ្ងៃទី៤ ខែ កញ្ញា ឆ្នាំ២០២៤ ស្ថិតនៅទីតាំង ក្លិបប្រដាល់គុនខ្មែរអន្តរជាតិKKIF សង្កាត់ ជ្រោយចង្វារ ខណ្ឌ ជ្រោយចង្វារ រាជធានីភ្នំ ដោយផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍អប្សរា និងផ្សាយបន្តនៅលើផេកផ្លូវការរបស់AMS SPORTនៅវេលាម៉ោង៧យប់។

ថ្លែងប្រាប់ទូរទស្សន៍អប្សរា សាដូ ប៊ុកស៊ីង បាននិយាយថា នេះជាការឡើងសង្វៀនលើកទី១ បន្ទាប់ពីរូបគេបានចូលហ្វឹកហាត់នៅក្លិបប្រដាល់គុនខ្មែរអន្តរជាតិKKIFអស់រយៈពេលជាង១ខែ ។ ឱកាសឡើងសង្វៀនលើកដំបូងនេះ រូបគេមានអារម្មណ៍ភ័យ និងរំភើប ដោយទទ្ទឹងរង់ចាំពេលវេលាមកដល់ ដ្បិតសាដូ ប៊ុកស៊ីងគិតថា វាជាឱកាសត្រួសត្រាយផ្លូវបង្ហាញសមត្ថភាពឱ្យអ្នកគាំទ្រគុនខ្មែរបានស្គាល់ពីសមត្ថភាពរបស់ខ្លួន។

ដោយឡែក ពន្លកថ្មី យ៉េន បូរ៉ា ដែលទើបតែឡើងសង្វៀនបាន៣លើក បាននិយាយថា រូបគេសប្បាយចិត្ត និងចង់ជួបខ្លាំងណាស់អ្នកដែលល្អកណ្តាប់ដៃ ដើម្បីដកស្រង់បទពិសោធន៍ ។ប៉ុន្តែក្តីបារម្ភក៏នៅតែមានខ្លះៗដែរ ព្រោះជាការប្រកួតវាយលក្ខខណ្ឌហ្គង់ចេញម្រាម ដែលធ្វើឱ្យខ្លួនត្រូវប្រយ័ត្នប្រយែងខ្ពស់។ តែទោះជាបែបនោះក្តី សម្រាប់ជំនួប ប៉ះអ្នកល្អកណ្តាប់ដៃនេះ ក្តីសង្ឈឹមឈ្នះមាន៥០%។ សម្រាប់ជំនួបនេះ យ៉េន បូរ៉ា សូមណូមពរឱ្យសាដូ បុកស៊ីងប្រកួតវាយបុកដូចគ្នា ព្រោះរូបគេចង់ឱ្យឈ្នះនិងចាញ់ដាច់ស្រះតែម្តង ។

គួរឱ្យដឹងដែរថា ជំនួបអ្នកទាំងពីរនេះ និងធ្វើការប្រកួតលើប្រភេទទម្ងន់៥៧គីឡូក្រាម ខណៈកីឡាករ សាដូ ប៊ុកស៊ីឡើងសង្វៀនលើកដំបូង រីឯ យ៉េន បូរ៉ា ធ្លាប់ឡើងសង្វៀន៣លើករួចមកហើយ ដោយលទ្ធផលឈ្នះមួយប្រកួត និងចាញ់២ប្រកួត៕

រូបភាព ៖ ងីម ឆៃហួត
អត្ថបទ ៖ ជាវ ចន្ធូ
