ត្រៀមឯកសារ សប្ដាហ៍នេះ កម្ពុជាមានឱកាសការងារជាង ៥ម៉ឺនកន្លែង

(ភ្នំពេញ)៖ បច្ចុប្បន្នកម្ពុជាមានតម្រូវការកម្លាំងពលកម្មសរុប ៥១ ៧០៥កន្លែងនៅក្នុងវិស័យធំៗចំនួន ៣ រួមមានវិស័យឧស្សាហកម្ម សេវាកម្ម និងកសិកម្ម ដែលជាឱកាសសម្រាប់ពលរដ្ឋ និងយុវជន បង្កើនប្រាក់ចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារ។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងនៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤ថា វិស័យសំខាន់ៗចំនួន ៣ កំពុងត្រូវការកម្លាំងពលកម្មសរុប ៥១ ៧០៥កន្លែងរួមមាន វិស័យឧស្សាហកម្មត្រូវការកម្លាំងពលកម្មចំនួន ៣៩០១៧កន្លែង វិស័យសេវាកម្មត្រូវការកម្លាំងពលកម្មចំនួន ២៨០១កន្លែង និងវិស័យកសិកម្ម ៩៨៨៧កន្លែង ដើម្បីជំរុញឱ្យខ្សែចង្វាក់ផលិតកម្មដំណើរការទៅរលូន។

ក្រសួងការងារបានបន្តថា នៅក្នុងខេត្តចំនួន ៥ដែលមានតម្រូវការកម្លាំងពលកម្មច្រើនជាងគេរួមមាន ខេត្តកំពង់ស្ពឺចំនួនជាង ១១០០០កន្លែង ខេត្តកំពង់ឆ្នាំងជាង ១ម៉ឺនកន្លែង រាជធានីភ្នំពេញជាង ៩ពាន់កន្លែង ខេត្តស្វាយរៀងជាង ៤ពាន់កន្លែង ខេត្តរតនគិរីជាង ៤ពាន់កន្លែង និងខេត្តផ្សេងៗទៀតសរុបជាង ១ម៉ឺនកន្លែង។

ក្នុងនោះ ជំនាញចំនួន ៥ ដែលមានតម្រូវការច្រើនជាងគេមានដូចជា អ្នកបញ្ជាម៉ាស៊ីនដេរមានចំនួនជាង ៣ម៉ឺនកន្លែង កម្មករចំការដំណាំជាង ៩ពាក់កន្លែង កម្មករក្នុងផលិតកម្មជាង ១ពាន់កន្លែង អ្នកត្រួតពិនិត្យដំណើរការផលិតលោហធាតុជាង ១ពាន់កន្លែង អ្នកផលិតស្បែកជើង និងអ្នកធ្វើការដែលពាក់ព័ន្ធនឹងផលិតផលស្បែកជើងជាង ៨០០កន្លែង និងការងារផ្សេងៗទៀតសរុបជាង ៦ពាន់កន្លែង។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានបន្ថែមថា ដើម្បីទទួលបាននូវឱកាសការងារ ប្រជាពលរដ្ឋ យុវជន សិស្ស និងនិស្សិត អាចទាក់ទងទៅទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA)នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈទូរស័ព្ទ 1297 ឬ 1286 ឬប្រព័ន្ធតេលេក្រាម និង Cool App លេខ 077 23 23 78 ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner