លោក ត្រាំ ថា អ៊ីស្រាអែលគួរតែវាយកម្ទេចរោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់

វ៉ាស៊ីនតោន៖ បេក្ខជនប្រធានាធិបតីអាមេរិកមកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃសុក្រថា លោកជឿជាក់ថា អ៊ីស្រាអែលគួរតែវាយប្រហាររោងចក្រនុយក្លេអ៊ែររបស់អ៊ីរ៉ង់។

អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់ថា លោកជឿជាក់ថា អ៊ីស្រាអែលគួរតែវាយកម្ទេចរោងចក្រនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ជាការសងសឹកទៅនឹងការបាញ់ស្រោចមីស៊ីលប្រមាណ ២០០គ្រាប់របស់អ៊ីរ៉ង់នាពេលថ្មីៗនេះ។

លោក ត្រាំ បានថ្លែងបែបនេះ ក្នុងអំឡុងធ្វើយុទ្ធនាការឃោសនាបោះឆ្នោតមួយនៅក្នុងរដ្ឋ North Carolina និងចង់សំដៅលើសំណួរដែលក្រុមអ្នកសារព័ត៌មានបានចោទសួរទៅកាន់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ក្នុងសប្ដាហ៍នេះអំពីលទ្ធភាពដែលអ៊ីស្រាអែលវាយប្រហារលើរោងចក្រនុយក្លេអ៊ែររបស់អ៊ីរ៉ង់។

សម្រាប់លោក ត្រាំ វិញ បានអះអាងថា អ៊ីស្រាអែលគួរតែវាយប្រហារលើរោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់។ នៅពេលដែលអ្នកកាសែតសួរគាត់អំពីសំណួរដែលចោទសួរលោក បៃដិន ចម្លើយរបស់លោក ត្រាំ គឺគួរតែវាយប្រហារលើរោងចក្រនុយក្លេអ៊ែរជាមុនសិន ហើយចាំបារម្ភពីរឿងផ្សេង។

ផ្ទុយពីលោក ត្រាំ កាលពីថ្ងៃពុធសប្តាហ៍នេះ លោក បៃដិន បានបង្ហាញការជំទាស់ទៅនឹងការវាយប្រហារណារបស់អ៊ីស្រាអែលលើរោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់ បន្ទាប់ពីអ៊ីរ៉ង់បាញ់មីស៊ីលប្រមាណ ២០០គ្រាប់លើអ៊ីស្រាអែល។ ការវាយប្រហារនោះ មិនបានបង្កការខូចខាតធ្ងន់ធ្ងរដល់អ៊ីស្រាអែលទេ ប៉ុន្តែនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានគំរាមថា នឹងសងសឹកអ៊ីរ៉ង់វិញ៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner