អ្នកនាំពាក្យក្រសួងការងារអំពាវនាវឱ្យពលករខ្មែរនៅប្រទេសថៃ ប្រុងប្រយ័ត្នអំពី​គ្រោះទឹកជំនន់

(ភ្នំពេញ)៖ ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និង​បណ្តុះ​បណ្តាលវិជ្ជាជីវៈកាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ បានអំពាវនាវដល់បងប្អូន​ពលករខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ ជាពិសេសនៅក្រុងបាងកក ខេត្តឈៀងរ៉ៃ និងបណ្តាខេត្តផ្សេងៗទៀតនៅប្រទេសថៃ ឱ្យបង្កើនការប្រុង​ប្រយ័ត្ន​ខ្ពស់ និងបន្តយកចិត្តទុកដាក់តាមដានស្ថានការណ៍គ្រោះធម្មជាតិ ជាពិសេសអនុវត្ត​តាម​ការណែនាំរបស់អាជ្ញាធរ។

ការអំពាវនាវរបស់ឯកឧត្តមរដ្ឋលេខាធិការនៅពេលនេះ បន្ទាប់ពីសារព័ត៌មាន Bangkok Post បានចេញផ្សាយកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ អំពីការព្រមាន​កម្រិតទឹកជំនន់ និងគ្រោះធម្មជាតិនៅទីក្រុងបាងកក ខេត្តឈៀងរ៉ៃ និងបណ្តាខេត្ត​ផ្សេងៗ​ទៀតនៅប្រទេសថៃ ដែលបណ្ដាលឱ្យមានផលប៉ះពាល់នៅតំបន់ទំនាប។

ឯកឧត្តមរដ្ឋលេខាធិការស្នើឱ្យពលករខ្មែរដែលកំពុងធ្វើការ និងរស់នៅប្រទេសថៃ ជាពិ​សេស​នៅតា​ម​បណ្តាខេត្តដែលប្រកាសអាសន្នដោយអាជ្ញាធរ អំពីគ្រោះធម្មជាតិ​ទឹកជំនន់នៅពេលនេះសូមបន្តស្តាប់តាមការណែនាំរបស់អាជ្ញាធរថៃ និងសហការ ដើម្បីសុខសុវត្ថិភាព និងជៀសផុតពីគ្រោះថ្នាក់ដោយយថាហេតុណាមួយ។

ឯកឧត្តមរដ្ឋលេខាធិការបានគូសបញ្ជាក់ថា គិតមកទល់ពេលនេះពុំទាន់មាន​ពលករ​ខ្មែរ​ណាម្នាក់ត្រូវបានរកឃើញទទួលរងផលប៉ះពាល់ពីគ្រោះទឹកជំនន់​នៅប្រទេស​ថៃនៅឡើយទេ។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននិង​កំពុងយក​ចិត្តទុកដាក់តាមដានស្ថានការណ៍វិវត្តន៍នៃគ្រោះទឹកជំនន់នេះ ដោយបានធ្វើការ​យ៉ាងជិតស្និទ្ធជាមួយស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ និងទីភ្នាក់ងារ​ជ្រើសរើសឯកជនទាំងអស់ ដើម្បីធានាថាពលករកម្ពុជាដែលកំពុងស្នាក់នៅ និង​ធ្វើការនៅក្នុងប្រទេសថៃទទួលបានការយកចិត្តទុកដាក់ និងស្ថិតនៅ​ទីកន្លែង​សុវត្ថិភាព។

ក្នុងករណីមានការជម្លៀស ឬប្រសិនបងប្អូនបានទទួលព័ត៌មានអំពីពលរដ្ឋខ្មែរ​យើង​ដែលរងផលប៉ះពាល់ សូមមេត្តាជូនដំណឹងមកស្ថានឯកអគ្គរាជទូត​កម្ពុជាប្រចាំ​ប្រទេសថៃ (ហ្វេសប៊ុក៖ Royal Embassy of Cambodia in Bangkok) ឬ អនុព័ន្ធការងារអមស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ តាមរយៈលេខទូរសព្ទ +66 (0) 94 092 5905 , +66 (0) 94 416 5518 ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner