ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ចង់ឲ្យមណ្ឌលគិរីប្រែក្លាយជា​ខេត្តមានសក្តានុពល ទាក់ទាញភ្ញៀវទេសចរណ៍ និងជួយលើកកម្ពស់សេដ្ឋកិច្ច

មណ្ឌលគិរី៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ចង់ឲ្យខេត្តមណ្ឌល​គិរីដ៏តូច​ច្រឡឹងភាគឦសានមួយនេះ មានសក្តានុពល ជាទីទាក់ទាញភ្ញៀវ​ទេសចរណ៍ជាតិ-អន្តរជាតិ និងជួយលើកកម្ពស់សេដ្ឋកិច្ច និងជីវភាពរបស់​ប្រជាពលរដ្ឋ ។ នេះជាការលើកឡើងរបស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ថ្លែងក្នុងកិច្ចប្រជុំជំរុញការងារចុះបញ្ជីដីធ្លីក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី នារសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ មានប្រសាសន៍បន្ថែមថា ក្រសួងរៀបចំ​ដែនដី នគរូបនីយ​កម្ម និងសំណង់ បាននិងកំពុងឆ្លើយតបទៅនឹងបំណងប្រាថ្នាដ៏​ពិសិដ្ឋរបស់​ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ចេញនូវគោលការណ៍ និង​ទស្សនៈវិស័យក្នុងវិស័យ​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រាប់ប្រជាជាតិ​កម្ពុជាដោយធ្វើយ៉ាងណាជំរុញការងារចុះបញ្ជីដីធ្លីបង្ហើយឱ្យបានចប់សព្វគ្រប់ រៀបចំទីក្រុង ទីប្រជុំជនឱ្យបានល្អ ក្លាយជាភូមិឋានក្សេមក្សាន្ត និងផ្ដល់ទ្រនំសុភមង្គលសម្រាប់ប្រជាពលរដ្ឋគ្រប់រូប។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីផែនការរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់សម្រាប់អនុវត្តក្នុងអាណត្តិទី៧ នេះនិងស្នើសុំឱ្យមានការ​ចូលរួម​សហការដើម្បីឈានទៅសម្រេចជោគជ័យតាមផែនការដែលបានគ្រោងទុក។ កិច្ចការចុះបញ្ជីដីធ្លីមិនអាចអនុវត្តតែម្នាក់ឯងបានទេ ទាមទារឱ្យមានកិច្ចសហការពី​គ្រប់​ភាគី​ពាក់ព័ន្ធរួមនិងអាជ្ញាធរដែនដីផងដែរនោះទើបជំរុញឱ្យការងារ​ចុះបញ្ជី​ដីធ្លីក្នុងខេត្តមណ្ឌលគិរីប្រព្រឹត្តទៅដោយរលូននិងបញ្ចប់ដោយជោគជ័យ ជាប្រយោជន៍​ងាយស្រួលក្នុងការរៀបចំខេត្តមណ្ឌលគិរីអោយបានល្អប្រសើរ ស្របតាមសក្តានុពលសេដ្ឋកិច្ចរបស់ខេត្តនេះ ពីព្រោះមណ្ឌលគីរីជាខេត្តភូមិភាគ​ឦសាន​នៃប្រទេសកម្ពុជា ដែលជារបៀងសេដ្ឋកិច្ចមួយដ៏សំខាន់និងមានសក្តានុពល​ទាំងកសិឧស្សាហកម្មនិងអេកូទេសចរណ៍។

នាឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្តមណ្ឌលគិរី ដែលបានសហការជាមួយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីក្នុងការអនុវត្តកិច្ចការជាច្រើនទាក់ទិននឹងការងារចុះបញ្ជីដីធ្លីក្នុងភូមិសាស្ត្រខេត្តនេះ ដោយឯកឧត្តមសង្ឃឹមថាកិច្ចការចុះបញ្ជីដីធ្លីនៅក្នុងខេត្តមណ្ឌលគិរីនឹងអាចបញ្ចប់រួចរាល់ជាស្ថាពរនាពេលឆាប់ៗខាងមុខនេះ។

ឯកឧត្តម បានបញ្ជាក់ថាការចុះបញ្ជីដីធ្លី និងចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋគឺដើម្បីបញ្ចប់វិវាទដីធ្លីនិងភាពចម្រូងចម្រាស់នៅទូទាំងប្រទេស ផ្ដល់សុវត្ថិភាពក្នុងការកាន់កាប់ដីធ្លីស្របច្បាប់ បង្កើនតម្លៃដីធ្លី ជាទ្រព្យសម្រាប់កសាងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងជំនាន់នេះនិងជំនាន់ក្រោយៗទៀត៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner