សម្តេចធិបតី និងលោកជំទាវបណ្ឌិត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ប្រកបដោយសុវត្ថិភាព
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ប្រកបដោយសុវត្ថិភាព នាយប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ បន្ទាប់ពីបានចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរដ្ឋធានីវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ។
សូមជម្រាបថា សម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញចាកចេញពីមាតុភូមិ កាលពីរសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់ ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ និងជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០២៤។
កិច្ចប្រជុំកំពូល ក្រោមមូលបទ “អាស៊ាន៖ ការពង្រឹងការតភ្ជាប់ និងភាពធន់” ដោយផ្តោតទៅលើការជំរុញបន្ថែមទៀត នូវវឌ្ឍនភាពនៃការកសាងសហគមន៍អាស៊ាន ឆ្ពោះទៅកាន់ការសម្រេចបាននូវ ចក្ខុវិស័យសហគមន៍អាស៊ាន ឆ្នាំ២០២៥ និងការលើកកម្ពស់ទំនាក់ទំនង ជាមួយដៃគូខាងក្រៅរបស់អាស៊ាន តាមរយៈយន្តការនានា ដែលដឹកនាំដោយអាស៊ាន ក្នុងគោលដៅលើកកម្ពស់ការតភ្ជាប់ និង ភាពធន់នៅក្នុងតំបន់ និងក្រៅតំបន់ ក៏ដូចជាដោះស្រាយបញ្ហាប្រឈមបច្ចុប្បន្ន និងដែលកំពុងកើត មានប្រកបដោយប្រសិទ្ធភាព។
ក្នុងឱកាសការចូលរួមកិច្ចប្រជុំកំពូលខាងលើ សម្តេចធិបតី បានអញ្ជើញចូលរួមក្នុងជំនួបថ្នាក់ដឹកនាំអាស៊ាន និងពិភពលោកមួយចំនួន ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីបន្ថែមទៀតផងដែរ។
នាល្ងាចថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានជួបពិភាក្សាទ្វេភាគីជាមួយ លោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដោយប្រមុខរដ្ឋាភិបាលទាំងពីរ បានពិភាក្សាផងដែរ អំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យសក្ដានុពលជាច្រើន រវាងប្រទេសទាំងពីរ ដែលរួមមាន៖ វិស័យនយោបាយ វិស័យការពារជាតិ និងសន្ដិសុខ វិស័យពាណិជ្ជកម្ម និងវិនិយោគ វិស័យទេសចរណ៍ វិស័យហិរញ្ញវត្ថុ វិស័យថាមពល វិស័យអប់រំ និង ការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ប្រទេសទាំងពីរ។
នាល្ងាចថ្ងៃដដែល សម្តេចធិបតី ហ៊ុន ម៉ាណែត បានជួបពិភាក្សាទ្វេភាគីជាមួយ លោក លី ឈាង (Li Qiang) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសនោះ នាយករដ្ឋមន្ត្រីចិន បានប្រកាសថា រដ្ឋាភិបាលចិនផ្ដល់ជំនួយឥតសំណងចំនួន ៣០០ លានយ័ន ដើម្បីជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។
ក្នុងឱកាសនៃជំនួបនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤, ឯកឧត្តម Justin Trudeau នាយករដ្ឋមន្ត្រីកាណាដា បានសម្ដែងនូវការស្វាគមន៍ និងក្ដីសោមនស្សរីករាយ ដែលបានជួបពិភាក្សាការងារ ជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត និងបានគូសបញ្ជាក់ពីការបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត។ ឯកឧត្តម Justin Trudeau បានជម្រាបជូនសម្ដេចបវរធិបតីថា ក្នុងការពង្រឹងទំនាក់ទំនងលើវិស័យការទូត ដោយកាណាដាគ្រោងបើកស្ថានឯកអគ្គរាជរដ្ឋទូត នៅរាជធានីភ្នំពេញនាពេលឆាប់ៗខាងមុខ។
បើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចេញផ្សាយនៅល្ងាចថ្ងៃទី១០ ខែតុលា បានឱ្យដឹងថា ក្នុងកិច្ចប្រជុំពេញអង្គ ប្រមុខដឹកនាំ បានពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងរួមរបស់អាស៊ាន ក្នុងការជំរុញវឌ្ឍនភាព នៃការកសាងសហគមន៍អាស៊ាន និងបានផ្លាស់ប្តូរទស្សនៈស្តីពីទិសដៅអនាគត នៃទំនាក់ទំនងជាមួយដៃគូខាងក្រៅអាស៊ាន។
ប្រមុខដឹកនាំបានថ្លែងកោតសរសើរ ចំពោះការងារ របស់ក្រុមការងារជាន់ខ្ពស់ សម្រាប់ចក្ខុវិស័យសហគមន៍អាស៊ាន ឆ្នាំ២០៤៥ និងភាគីពាក់ព័ន្ធនានា ក្នុងការរៀបចំផែនការយុទ្ធសាស្ត្រ ដើម្បីអនុវត្តចក្ខុវិស័យសហគមន៍អាស៊ាន ឆ្នាំ២០៤៥ និងទន្ទឹងរង់ចាំការអនុម័តឯកសារសំខាន់ៗទាំងនេះ នៅពេលដែលម៉ាឡេស៊ី ធ្វើជាប្រធានអាស៊ាន នៅឆ្នាំ២០២៥។ ក្នុងន័យនេះ ប្រមុខដឹកនាំបានអនុម័តសេចក្តីប្រកាស របស់ប្រមុខដឹកនាំអាស៊ាន ស្តីពីការអភិវឌ្ឍផែនការយុទ្ធសាស្ត្រ ដើម្បីអនុវត្តចក្ខុវិស័យសហគមន៍អាស៊ាន ឆ្នាំ២០៤៥។
ពាក់ព័ន្ធទំនាក់ទំនងជាមួយដៃគូខាងក្រៅអាស៊ាន ប្រមុខដឹកនាំបានអះអាងសាជាថ្មី អំពីសារសំខាន់នៃការលើកកម្ពស់ និងពង្រឹងមជ្ឈភាពនិងឯកភាពអាស៊ាន នៅក្នុងបរិបទនិម្មាបនកម្ម តំបន់ដែលកំពុងតែវិវត្ត និងទិដ្ឋភាពភូមិសាស្ត្រនយោបាយ ដែលមិនច្បាស់លាស់។
ប្រមុខដឹកនាំ ក៏បានសង្កត់ធ្ងន់លើភាពចាំបាច់ ក្នុងការពង្រឹងបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការ ជាមួយដៃគូសន្ទនាអាស៊ាន និង ដៃគូខាងក្រៅផ្សេងទៀត លើបញ្ហាដែលជាផលប្រយោជន៍ និងកង្វល់រួម កម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុង និងក្រៅតំបន់ ៕
អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ




