សមាគមកីឡាក្រសួងមហាផ្ទៃក្រសោបបានមេដាយច្រើនជាងគេការប្រកួតសូហ្វតិន្នីស ជ្រើសរើសជើងឯកថ្នាក់ជាតិ លើកទី៨ ឆ្នាំ២០២៤

(ភ្នំពេញ)៖ ការប្រកួតកីឡាសហ្វតិន្នីសជើងឯកថ្នាក់ជាតិ ២០២៤ បានបញ្ចប់ជាផ្លូវ​ការ នាល្ងាចថ្ងៃទី១១ ខែ វិច្ឆិកា ឆ្នាំ២០២៤ ដោយចំណាត់ថ្នាក់លេខ១ សមាគម​កីឡាក្រសួងមហាផ្ទៃ ដណ្តើមបានមេដាយ មាស៦ ប្រាក់៣ សំរឹទ្ធ ៤ ។ លេខ២ សមាគមកីឡាខេត្តកណ្តាល មាស៤ ប្រាក់ ៧ សំរឹទ្ធ២ ។ លេខ៣ សមាគមកីឡា​ខេត្តកំពង់ឆ្នាំង មាស១ ប្រាក់២ សំរឹទ្ធ៥ ។ លេខ៤ សមាគមកីឡាខេត្តកំពង់ស្ពឺ មាស១ សំរឹទ្ធ ៣ លេខ៥ សមាគមកីឡា ក្រសួងការពារជាតិ សំរឹទ្ធ៥ លេខ៦ សមាគមកីឡាខេត្តត្បូងឃ្មុំ មេដាយសំរឹទ្ធ៦គ្រឿង។

លោកស្រី ឃនសាត សាន្នីតា អគ្គលេខាធិការរង សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា បានថ្លែងលើកឡើងថា ការប្រកួតកីឡាសូហ្វតិន្នីសជ្រើសរើសជើងឯកថ្នាក់ជាតិនេះ គឺជាការផ្តល់ ឱកាសដល់កីឡាករ កីឡាការិនីម្នាក់ៗបានជួបជុំគ្នា ដើម្បីបញ្ចេញ​នូវទេពកោសល្យ សមត្ថភាព ក៏ដូចជាវាស់ស្ទង់គុណផលបច្ចេកទេស ដែលបានហ្វឹក​ហាត់កន្លងមក។ហើយការប្រកួតឆ្នាំនេះ ក៏បានបញ្ជូលបន្ថែមនូវវិញ្ញាសាប្រកួតកម្រិត​យុវជន-យុវនារី ក្រោមអាយុ១៥ឆ្នាំមួយ ទៀត ដើម្បីលើកទឹកចិត្តឱ្យមានការប្រកួត​ប្រជែង បន្ទាប់ពីបានហ្វឹកហាត់ប្រចាំថ្ងៃ និងជំរុញឱ្យមានការបណ្តុះបណ្តាល​យុវជន​ថ្នាលឱ្យបានច្រើន ត្រៀមការចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ ដែលកម្ពុជាទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះ។

ឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធ​កីឡា​សូហ្វតិន្នីស​កម្ពុជាបាន ក៏បានលើកទឹកចិត្តដល់កីឡាករ កីឡាការិនីទាំងអស់ ជាពិសេសគឺកីឡាករ កីឡាការិនីវ័យក្មេងឱ្យបន្តការខិតខំប្រឹងប្រែងហ្វឹកហាត់​ឱ្យបានជាប់ជាប្រចាំ ដើម្បីអភិវឌ្ឍសមត្ថភាព ឆ្ពោះទៅប្រកួតប្រជែងមេដាយ​ជូនជាតិពីឆាកអន្តរជាតិជាបន្តបន្ទាប់ ជាពិសេសត្រៀមឆ្ពោះទៅប្រកួតប្រជែង​មេដាយជូនជាតិ ក្នុងការប្រកួតកីឡាយុវជនអាស៊ី នាឆ្នាំ២០២៩ខាងមុខ នៅព្រះរាជាណាចក្រកម្ពុជា។

ទន្ទឹមជាមួយគ្នានោះ ឯកឧត្តម ប្រធានសហព័ន្ធសូហ្វតិន្នីសកម្ពុជាក៏បានរំលឹក​ពីប្រភេទ​កីឡាសូហ្វតិន្នីសកម្ពុជាទទួលបានជោគជ័យជាប្រវត្តិសាស្ត្រ ក្នុងចំណោម​ប្រភេទកីឡានានារបស់កម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣​កន្លងទៅផងដែរ។ ឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធាន​សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជាបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីម​កពីក្លឹបទាំងអស់ ដែលបានប្រឹងប្រែងប្រកួតអស់​ពីសមត្ថភាព និងប្រជែងបានមេដាយជូនអង្គភាពរៀងៗខ្លួន។

ឯកឧត្តម សរ សិទ្ធិ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីមកពីក្លឹបទាំងអស់ ដែលបានប្រឹងប្រែងប្រកួតអស់ពីសមត្ថភាព និងប្រជែងបានមេដាយជូនអង្គភាពរៀងៗខ្លួន។

សូមបញ្ជាក់ថា ការប្រកួតកីឡាសូហ្វតិន្នីស​ជ្រើសរើសជើងឯកថ្នាក់ជាតិ លើកទី៨ ឆ្នាំ២០២៤ ត្រូវបានរៀបចំឡើង ដោយទទួលបានគោលការណ៍អនុញ្ញាតពីឯកឧត្តម​ប្រធានសហព័ន្ធ និងទទួលបានថវិកាគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា ហើយ​សហព័ន្ធបានរៀបចំការប្រកួត ដែលមានរយៈពេល០៥ថ្ងៃ ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី​១១ ខែតុលា ឆ្នាំ២០២៤ ដោយមានសមាគម-ក្លឹបចូលរួមចំនួន ០៧ ដោយប្រតិភូកី​ឡា​ចូលរួម ១១០នាក់ ធ្វើការប្រកួតលើ១២វិញ្ញាសា៕

ថត ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner