ភ្នំភ្លើងស៊ីព្រួសផ្សែង១,០០០ម៉ែត្រទៅលើមេឃនៅឥណ្ឌូនេស៊ី
បរទេស៖ ភ្នំភ្លើង Lewotobi Laki-laki នៅក្នុងទេសឥណ្ឌូណេនេស៊ី បានបញ្ចេញផ្សែងក្តៅ កម្ពស់១,០០០ម៉ែត្រទៅលើមេឃ កាលពីថ្ងៃសៅរ៍។ បច្ចុប្បន្ន ស្ថានភាពភ្នំភ្លើងនេះ ស្ថិតក្នុងកម្រិតប្រកាសអាសន្ន ខ្ពស់បំផុត លំដាប់ទីពីរ។
ភ្នំភ្លើង Lewotobi Laki-laki មានទីតាំងនៅភាគខាងកើត ប្រទេសឥណ្ឌូណេនេស៊ី។ ភ្នំដែលស្ថិតនៅលើគោលដៅទេសចរណ៍ដ៏ពេញនិយមនៃកោះ Flores មួយនេះ បានផ្ទុះជាច្រើនដង ចាប់តាំងពីចុងឆ្នាំមុន ជាមួយនឹងការផ្ទុះធំមួយចំនួន បានជំរុញឱ្យអាជ្ញាធរ បង្កើនស្ថានភាពប្រកាសអាសន្ន ដល់កម្រិតខ្ពស់បំផុត និងជម្លៀសអ្នកស្រុក យ៉ាងហោចណាស់ ចំនួន២,០០០នាក់។
ប្រទេសឥណ្ឌូនេស៊ី ដែលជាប្រទេសប្រជុំកោះដ៏ធំ ជួបប្រទះការផ្ទុះ ជាញឹកញាប់ ដោយសារតែទីតាំងរបស់វា ស្ថិតនៅលើតំបន់មហាសមុទ្រប៉ាស៊ីហ្វិក «Ring of Fire» ដែលជាតំបន់នៃភ្នំភ្លើង និងរញ្ជួយដីខ្លាំង។
ប្រទេសឥណ្ឌូនេស៊ីមានភ្នំភ្លើងសកម្ម ចំនួនប្រមាណ ១៣០ភ្នំភ្លើង។ កាលពីខែធ្នូ ឆ្នាំ២០២៣ ភ្នំភ្លើង Marapi នៅកោះស៊ូម៉ាត្រាបានផ្ទុះ បណ្តាលឲ្យស្លាប់មនុស្ស ចំនួន២៣នាក់៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត