ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ ការងារចាំបាច់សម្រាប់ខេត្តក្រចេះ គឺការកសាងធនធានមនុស្ស ការរៀបចំដែនដី និងនគរូបនីយកម្ម ការរៀបចំបុរីជនបទ ភូមិឋានក្សេមក្សាន្ត និងទ្រនំសុភមង្គល ព្រមទាំងស្ថាបត្យកម្មសំណង់អគារ
(ក្រចេះ)៖ ក្នុងកិច្ចប្រជុំជំរុញការងារចុះបញ្ជីដីធ្លី ក្នុងភូមិសាស្ត្រខេត្តក្រចេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា ការងារចាំបាច់បន្តទៀតសម្រាប់ខេត្តក្រចេះ គឺការកសាងធនធានមនុស្ស ការរៀបចំដែនដី និងនគរូបនីយកម្ម ការរៀបចំបុរីជនបទ ភូមិឋានក្សេមក្សាន្ត និងទ្រនំសុភមង្គល ព្រមទាំងស្ថាបត្យកម្មសំណង់អគារ ។ ការរៀបចំផែនការកសាងខេត្តក្រចេះ មិនអាចធ្វើតែឯកឯងនោះទេ ត្រូវគិតគូរជារួមនិងសហការជាមួយខេត្តភូមិភាគឦសានដទៃទៀតដូចជា ខេត្តមណ្ឌលគិរី ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង ដែលជាប៉ូលនិងសក្តានុពលសេដ្ឋកិច្ចមួយដ៍សំខាន់ នៅក្នុងប្រទេសកម្ពុជា ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ អាជ្ញាធរខេត្ត និងមន្ទីរពាក់ព័ន្ធរួមគ្នាគិតគូររៀបចំក្រុងឲ្យមានសោភ័ណភាព អគារស្អាតប្រើប្រាស់បានយូរអង្វែង ដែលអាចប្រែក្លាយពលរដ្ឋកម្ពុជាជាឲ្យទៅជាពលរដ្ឋដែលមានទំនៀមទំលាប់ ប្រពៃណី វប្បធម៌ និងអរិយធម៌ ។ ចំពោះសំណង់អគារត្រូវផ្តោតលើគុណភាព សុវត្ថិភាព និងត្រូវរក្សាឲ្យបាននូវគ្រឿងបង្គុំសំណង់របស់ខេត្តក្រចេះ ដូចជាថ្មអារនិងម៉ាបជាដើម ដើម្បីជាប្រភពចំណូលរបស់ខេត្ត ហើយអាចយកមកគិតគូរទៅលើវិស័យអប់រំ និងហេដ្ឋារចនាសម្ព័ន្ធជុំវិញខេត្តវិញ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីផែនការរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់សម្រាប់អនុវត្តក្នុងអាណត្តិទី៧ នេះនិងស្នើសុំឱ្យមានការចូលរួមសហការដើម្បីឈានទៅសម្រេចជោគជ័យតាមផែនការដែលបានគ្រោងទុក ។ កិច្ចការចុះបញ្ជីដីធ្លីមិនអាចអនុវត្តតែម្នាក់ឯងបានទេ ទាមទារឱ្យមានកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធរួមនិងអាជ្ញាធរដែនដីផងដែរនោះទើបជំរុញឱ្យការងារចុះបញ្ជីដីធ្លីក្នុងខេត្តប្រព្រឹត្តទៅដោយរលូន និងបញ្ចប់ដោយជោគជ័យ ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់ថាការចុះបញ្ជីដីធ្លី និងចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋគឺដើម្បីបញ្ចប់វិវាទដីធ្លីនិងភាពចម្រូងចម្រាស់នៅទូទាំងប្រទេស ផ្ដល់សុវត្ថិភាពក្នុងការកាន់កាប់ដីធ្លីស្របច្បាប់ បង្កើនតម្លៃដីធ្លី ជាទ្រព្យសម្រាប់កសាងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងជំនាន់នេះនិងជំនាន់ក្រោយៗទៀត ៕






ដោយ / គ្រី សម្បត្តិ