សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា ត្រូវការសន្ដិភាព ហើយកម្ពុជា ក៏ត្រូវការសន្ដិភាពក្នុងតំបន់ដូចគ្នា

(ភ្នំពេញ)៖ កម្ពុជា ត្រូវការសន្ដិភាព ហើយកម្ពុជា ក៏ត្រូវការសន្ដិភាពក្នុងតំបន់ដូចគ្នា ខណៈកម្ពុជា មិនចូលរួមជាមួយយន្តការណា ឬប្លុកណាដែលមានចរិកនយោបាយ បង្កើតឡើងដើម្បីប្រកួតប្រជែង ឬប្រឆាំងគ្នានោះទេ ដូចនេះដាច់ខាត កម្ពុជា មិនចូលរួមជាមួយយន្ដការណា ដែលធ្វើប៉ះពាល់ជាមួយសន្ដិភាព និងស្ថិរភាពឡើយ ។ នេះជាការលើកឡើងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរខួប២០ឆ្នាំ (១៣ តុលា ២០០៤ – ១៣ តុលា ២០២៤) នៃកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា៖ សូមបញ្ជាក់ឱ្យច្បាស់ កម្ពុជា មិនចូលរួមជាមួយយន្តការណា ដែលមានចរិកនយោបាយ បង្កើតឡើងដើម្បីប្រកួតប្រជែង ឬប្រឆាំងជាមួយប្រទេសណា ឬប្លុកណានោះទេ នេះជាគោលនយោបាយរបស់កម្ពុជា, យើងចូលរួមជាមួយប្លុក យើងចូលជាមួយយន្តការដែលមានទិសដៅរួម បង្កើតឡើងក្នុងការថែរក្សាសុខដុមរមណីយកម្ម សុខសន្តិភាព វិបុលភាព នៅក្នុងតំបន់ ជំរុញការអភិវឌ្ឍរួមគ្នានៅក្នុងតំបន់ ជាពិសេសសេដ្ឋកិច្ច និងយន្តការដែលថែរក្សាសន្តិភាព នៅក្នុងតំបន់ពីព្រោះកម្ពុជា ត្រូវការសន្តិភាព សន្តិភាពផ្ទៃក្នុងប្រទេសត្រូវថែរក្សាឱ្យបាន ប៉ុន្តែ សន្តិភាពនៅក្នុងតំបន់ក៏ចាំបាច់ដែរ ព្រោះវាពាក់ព័ន្ធយើងដែរ គ្រាន់តែគេវៃគ្នានៅ អ៊ុយក្រែន ថ្លៃទំនិញឡើងថ្លៃ, គ្រាន់តែវៃគ្នានៅតំបន់មជ្ឈឹមបូព៌ា ការដឹកជញ្ជូនទំនិញឆ្លងកាត់សមុទ្រក្រហម ត្រូវពន្យាពេលដែលធ្វើឱ្យទំនិញឡើងថ្លៃ ។

សម្តេចធិបតី បានបន្តថា ប្រសិនបើនៅក្នុងតំបន់មានជម្លោះ តើស្ថានភាពសេដ្ឋកិច្ចនឹងទៅជាយ៉ាងណា? ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋតែម្តង។ ដូច្នេះ សម្រាប់កម្ពុជា ដែលជាសមាជិករបស់អង្គការសហប្រជាជាតិ និងជាសមាជិករបស់អាស៊ាន គឺប្តេជ្ញាចិត្តចូលរួមជាមួយនឹងយន្តការណាដែលបានផ្តល់ផលប្រយោជន៍ក្នុងការថែរក្សាសន្តិភាព មិនបង្កើតឡើងដើម្បីប្រឆាំងនឹងប្រទេសណា ឬប្លុកណានោះទេ និងមិនប្រកួតប្រជែង ប៉ុន្តែ ជាសមាហរណកម្ម ដើម្បីបំពេញឱ្យគ្នាទៅវិញ ទៅមក និងជាពិសេសជំរុញឱ្យមានការអភិវឌ្ឍសេដ្ឋកិច្ចរួមគ្នា ការថែរក្សាសន្តិភាព និងស្ថិរភាព ។

ជាមួយនេះ សម្តេចនាយករដ្ឋមន្ត្រី បានអះអាងថា សម្រាប់យន្តការទាំងឡាយពាក់ព័ន្ធនឹងការថែរក្សាសន្តិភាព ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច គឺកម្ពុជា នៅតែបន្ត ដើម្បីឱ្យកម្ពុជា ព្រមទាំងប្រទេសនៅតំបន់មានលទ្ធភាពពង្រីកខ្លួន ពង្រីកលទ្ធភាព នៅលើគ្រប់វិស័យដើម្បីឱ្យប្រទាក់ក្រឡាជាមួយគ្នា ។ កម្ពុជា នឹងបន្តចូលរួមឱ្យកាន់តែសកម្មបន្ថែមទៀត ចំពោះយន្តការទាំងឡាយណា ដែលមានលក្ខណៈរួមគ្នាថែរក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់ ប្រឆាំងជាមួយនឹងសកម្មភាពឧក្រិដ្ឋកម្មឆ្លងដែនជាដើម។ ប៉ុន្តែ បើបង្កើតឡើងដើម្បីប្រឆាំងជាមួយនឹងប្រទេសណា កម្ពុជានឹងមិនចូលរួមជាដាច់ខាត ក្នុងនាមជាសមាជិកអង្គការសហប្រជាជាតិ និងសមាជិករបស់អាស៊ាន ធ្វើយ៉ាងថែក្សាស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់ដើម្បីឱ្យតំបន់មានសន្តិភាព សម្រាប់ផ្តល់ផលប្រយោជន៍ដល់កម្ពុជា ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner