ក្រុមហ៊ុនមេរបស់ព្រលានយន្តហោះអន្តរជាតិអង្គរ មានគម្រោងបណ្តាក់ទុន​បន្ថែមដើម្បីអភិវឌ្ឍតំបន់ជុំវិញព្រលានយន្តហោះអន្តរជាតិអង្គរឱ្យក្លាយ ជាតំបន់វប្បធម៌ ទេសចរណ៍ និងពាណិជ្ជកម្មចម្រុះ

(ភ្នំពេញ)៖ រសៀលថ្ងៃចន្ទ ទី១៤ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក Liu Minglin ប្រធានក្រុមហ៊ុន Yunnan Provincial Investment Holding Group (YIG) ដែលជាក្រុមហ៊ុនមេរបស់ព្រលានយន្តហោះអន្តរជាតិអង្គរ និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីស្តាប់នូវស្ថានភាពអាជីវកម្ម បញ្ហាប្រឈម និងការចូលរួមចំណែករបស់វិស័យឯកជន ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរបរទេសមកទស្សនាប្រទេសកម្ពុជាឱ្យបានច្រើន និងមានសន្ទុះឡើងវិញ សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចតាមរយៈវិស័យទេសចរណ៍ នៅក្រោយវិបត្តិជំងឺកូវីដ-១៩ ជាពិសេសគំរោងរបស់ក្រុមហ៊ុនក្នុងការបណ្តាក់ទុនបន្ថែមដើម្បីអភិវឌ្ឍតំបន់ជុំវិញព្រលានយន្តហោះអន្តរជាតិអង្គរឱ្យក្លាយ ជាតំបន់វប្បធម៌ ទេសចរណ៍ និងពាណិជ្ជកម្មចម្រុះ ក៏ដូចជាការអភិវឌ្ឍន៍ផលិតផលទេសចរណ៍បន្ថែមថ្មីទៀត។

ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនលោកប្រធានក្រុមហ៊ុនថា ក្នុងឆ្នាំ២០២៤នេះ កម្ពុជា-ចិន បានកំពុងបន្តរឹតចំណងមិត្តភាពនិងទំនាក់ទំនងការទូតជាយូរលង់ ដោយស្របតាមស្មារតី “មិត្តដែកថែប និងសហគមន៍វាសនារួមកម្ពុជា-ចិន ប្រកបដោយភាពស៊ីជម្រៅ និងភាពជាក់ស្ដែង ក្នុងយុគសម័យថ្មី” ក៏ដូចជាក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្ររវាងកម្ពុជា-ចិន ដែលផ្ដោតលើវិស័យអាទិភាពអាទិភាពចំនួន ៦ ក្នុងនោះគឺ “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន”។

ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍ថ្លែងអំណរគុណដល់ប្រជាជនចិនដែលជានិច្ចកាលគំាទ្រ ស្រលាញ់ ចូលចិត្ត និងបានអញ្ជើញមកបណ្តាក់ទុន ក៏ដូចជាទស្សនាប្រទេសកម្ពុជាយ៉ាងច្រើន និងបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃប្រទេសចិនដែលតែងតែគាំទ្រនិងលើកទឹកចិត្តដល់វិស័យទេសចរណ៍នៅកម្ពុជា ហើយ ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់ថា ចិន គឺជាទីផ្សារទេសចរណ៍ដ៍ធំរបស់កម្ពុជា ប្រទេសកម្ពុជា ពិតជាត្រូវការអាជ្ញាធរពាក់ព័ន្ធចិន ជួយផ្សព្វផ្សាយ និងជំរុញឱ្យប្រជាជនចិនមកទស្សនាកម្ពុជា ស្របតាមស្មារតីឆ្នាំនៃការផ្លាស់ប្ដូរប្រជាជនកម្ពុជា-ចិន។

ក្នុងឱកាសនៃជំនួប លោកនាយកក្រុមហ៊ុន ក៏បានសំណូមពរដល់ក្រសួងទេសចរណ៍ ជាពិសេស ឯកឧត្តមរដ្ឋមន្រ្តី ឱ្យជួយជំរុញ និងគាំទ្រ លើផែនការវិនិយោគ និងផែនការបណ្តាក់ទុករបស់ក្រុមហ៊ុនលើវិស័យទេសចរណ៍មួយចំនួន ដែលគ្រោងនឹងរៀបចំក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីជំរុញភ្ញៀវទេសចរមកទស្សនាប្រទេសកម្ពុជាឱ្យបានច្រើន ។

ឯកឧត្តមរដ្ឋមន្រ្តី បានថែ្លងអំណរគុណចំពោះការជឿជាក់លើរាជរដ្ឋាភិបាល និងបណ្តាក់ទុនវិនិយោគនៅកម្ពុជា ព្រមទាំងគាំទ្រពេញទំហឹងចំពោះផែនការវិនិយោគ និងបណ្តាក់ទុកខាងលើ និងបានស្នើឱ្យក្រុមហ៊ុនបន្តជួយផ្សព្វផ្សាយវិស័យទេសចរណ៍ តំបន់សក្តានុពលទេសចរណ៍កម្ពុជានៅប្រទេសចិនឱ្យកាន់តែទូលំទូលាយ និងជួយទាក់ទាញក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិធំៗ បង្កើត និងបង្កើនជើងហោះហើរត្រង់ឱ្យបានច្រើន និងទៀងទាត់មកព្រលានយន្តហោះអន្តរជាតិ Angkor International Airport ជាពិសេសដើម្បីចូលរួមក្នុងយុទ្ធនាការ “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤” ក្រសួងទេសចរណ៍ បានរៀបចំសកម្មភាពសំខាន់ៗ នាដំណាច់ឆ្នាំ២០២៤ នេះ និងស្នើសុំការចូលរួមគាំទ្រ និងជួយផ្សព្វផ្សាយទូលំទូលាយដល់ប្រជាពលរដ្ឋចិននូវកម្មវិធីចំនួន ៤ រួមមាន៖ ពិព័រណ៍ម្ហូបអាហារកម្ពុជា-ចិន (Cambodia-China Gastronomy Week), កម្មវិធី “Buddhist Culture and Tourism Forum 2024”, ព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍កម្ពុជា-ចិន (Cambodia-China Travel Fair) និងបុណ្យសមុទ្រនៅខេត្តកំពត ៕

ដោយ ៖ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner