ប្រាក់ខែ១,៩០០​ដុល្លារ ពលរដ្ឋសិង្ហបុរីនៅតែជិះឡានក្រុងទៅធ្វើការ

បរទេស៖ ប្រជាជនសិង្ហបុរីជាច្រើន ដែលរកចំណូលបាន ចន្លោះពីជាង៧០០ដុល្លារអាមេរិក ទៅជាង១៩០០ដុល្លារអាមេរិក ក្នុងមួយខែ នៅតែជ្រើសរើស សេវាកម្មដឹកជញ្ជូនសាធារណៈ ដូចជា ឡានក្រុង ឬ រថភ្លើង ទៅធ្វើការ បើទោះបីជាពួកគេមានឡានផ្ទាល់ខ្លួន ក៏ដោយ នេះបើតាមការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន Seasia.co នៅថ្ងៃអង្គារនេះ។

ប្រភពបញ្ជាក់ថា ហេតុផលចម្បងៗ ដែលនាំឲ្យពួកគេចូលចិត្តជិះឡានក្រុង ឬ រថភ្លើងទៅធ្វើការ រួមមាន ៖ ជៀសវាងការកកស្ទះចរាចរណ៍នៅក្នុងតំបន់ពាណិជ្ជកម្មដ៏សំខាន់ ហៅកាត់ CBD, តម្លៃចតរថយន្តខ្ពស់ និងភាពងាយស្រួល នៃប្រព័ន្ធដឹកជញ្ជូនសាធារណៈ ដ៏មានប្រសិទ្ធភាព របស់ប្រទេសសិង្ហបុរី។

អ្នកធ្វើដំណើរខ្លះ អាចជ្រើសរើសរថយន្តជួលឯកជន នៅពេលព្រឹក ក្រោមហេតុផលចាំបាច់ណាមួយ ប៉ុន្តែ នៅតែពឹងផ្អែកខ្លាំង លើរថភ្លើង ឬ ឡានក្រុង ពេញមួយថ្ងៃ។ សូម្បីតែអ្នកដែលមានប្រាក់បៀវត្សរ៍ខ្ពស់ ក៏យល់ឃើញថា ការដឹកជញ្ជូនសាធារណៈ លឿនរហ័ស និង បត់បែន ជាពិសេស ក្នុងអំឡុងពេលម៉ោងមមាញឹកបំផុត ឬ បន្ទាប់ពីចូលរួមព្រឹត្តិការណ៍សង្គម ដែលមានការផឹកគ្រឿងស្រវឹង។

ការដឹកជញ្ជូនសាធារណៈផ្តល់នូវកម្រិតនៃភាពជឿជាក់ ដែលអ្នកធ្វើដំណើរជាច្រើនផ្តល់តម្លៃ ដោយប្រជាជនសិង្ហបុរីចាត់ទុករថយន្តក្រុង និងរថភ្លើងទាន់ចិត្ត។ សម្រាប់អ្នកដែលធ្វើការ នៅតំបន់ពាណិជ្ជកម្ម CBD ដែលការស្ទះចរាចរណ៍ជាបញ្ហាចម្បង អំឡុងម៉ោងមមាញឹក ការជិះខ្សែរថភ្លើង MRT ឬ Mass Rapid Transit ដែលជាប្រព័ន្ធដឹកជញ្ជូណរហ័សនៅសិង្ហបុរី ឬ ឡានក្រុង នាំឱ្យមានការធ្វើដំណើរ រយៈពេលខ្លី និង មិនសូវមានភាពតានតឹង៕

ប្រភពពី Seasia.co, ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner