រដ្ឋមន្រ្តីសុខាភិបាល ៖ ការបរិច្ចាគឈាម គឺជាអំពើមនុស្សធម៌ ដើម្បីសង្គ្រោះជីវិតមនុស្ស
ភ្នំពេញ៖ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅថ្ងៃទី១៨ ខែតុលា បានអញ្ជើញជាអធិបតីក្នុងពិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តរបស់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតជូនដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាម។
ក្នុងឱកាសនេះឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី មានប្រសាសន៍ថា ការបរិច្ចាគឈាម គឺជាការបង្ហាញពីទឹកចិត្តការស្រឡាញ់ ការជួយសង្គ្រោះអាយុជីវិតទៅកាន់អ្នកជំងឺដែលត្រូវការឈាមជាចាំបាច់។ អ្នកផ្តល់ឈាមទាំងអស់ គឺជាវីរៈបុរស ហើយការផ្តល់ឈាម គឺជាការធ្វើអំពើល្អ ផ្តល់នូវទឹកចិត្តក្តីមេត្តា ។សូមចងចាំថាការបរិច្ចាគឈាមមិនប៉ះពាល់ដល់សុខភាពទេ ហើយឈាមមានប្រភពតែមួយគត់ គឺពីមនុស្ស មិនមានរោងចក្រណាអាចផលិតបានទេ។
ឯកឧត្តមបន្តថា តាមរយៈសកម្មភាពនេះក៏បង្ហាញឱ្យឃើញនូវការសហការគ្នា សាមគ្គីភាព ជាធ្លុងមួយរបស់មន្ត្រីសុខាភិបាល។
ឯកឧត្តមរដ្ឋមន្រ្តី ក៏បានណែនាំដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតទាំងអស់ សូមខិតខំក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ ដោយស្មារតីទឹកចិត្តសណ្ដោស អាណិតស្រឡាញ់ មេត្តាករុណា និងផ្តល់ភាពកក់ក្តៅ។ មន្រ្តីសុខាភិបាលនៃមន្ទីរពេទ្យទាំងអស់ មានស្មារតីរួបរួមគ្នា សាមគ្គី ចេះជួយគ្នា គោរពវិន័យ និងឯកភាពផ្ទៃក្នុង ដើម្បីនាំមកនូវការរីកចម្រើនថែមទៀតនៅក្នុងអង្គភាពរបស់ខ្លួន៕
ដោយ៖ ហេង សម្បត្តិ





