ក្រសួងអប់រំ យកការប្រកួតកីឡាសិស្សថ្នាក់ជាតិ ជាការអនុវត្តនយោបាយ កំណែទម្រង់ឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣

អត្ថបទដោយ៖
Kien Sereyvuth

ក្រសួងអប់រំ យុវជន និងកីឡា យកការប្រកួតកីឡាសិស្សថ្នាក់ជាតិ ជាការអនុវត្តនយោបាយ កំណែទម្រង់ ឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣។ នេះជាការបញ្ជាក់របស់ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ ថ្លែងក្នុងពិធីបើកកីឡាសិស្សថ្នាក់ជាតិ លើកទី១ ឆ្នាំ២០១៩ កាលពីល្ងាចថ្ងៃទី១១ ខែមិថុនាម្សិលមិញ នៅពហុកីឡដ្ឋានជាតិ ដោយមាន១១ប្រភេទកីឡាចូលរួម។

ឯកឧត្តមរដ្ឋលេខាធិការ បន្តថា ការប្រកួតកីឡាសិស្សថ្នាក់ជាតិ លើកទី១នេះ  គឺជាការអនុវត្តនយោបាយកំណែទម្រង់របស់ក្រសួងអប់រំ ជាពិសេសលើរចនាសម្ព័ន្ធប្រកួត ដើម្បីត្រៀមឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ពិសេសស្របទៅនឹងរចនាសម្ព័ន្ធការប្រកួតថ្នាក់តំបន់ និងអន្តរជាតិ ដូចជាការប្រកួតកីឡាសិស្សអាស៊ាន កីឡាសាកលវិទ្យាល័យអាស៊ាន និងកីឡាសាកលវិទ្យាល័យពិភពលោកជាដើម។

ឯកឧត្តមបន្ថែមថា ការប្រកួតនេះ ក៏ជាដំណាក់កាលមួយ សម្រាប់ធ្វើការបណ្តុះបណ្តាលមន្ត្រីរដ្ឋបាល មន្ត្រីបច្ចេកទេស ព្រមទាំងជ្រើសរើសកីឡាករ កីឡាការិនីដែលល្អៗ សម្រាប់ជាថ្នាលត្រៀមបម្រុងសម្រាប់ ស៊ីហ្គេម ឆ្នាំ២០២៣ និងលើកទឹកចិត្តដល់អ្នកលេងកីឡា និងអ្នកដែលមានឧបនិស្ស័យ ក្លាយជាយុវជនថ្នាលល្អៗ ចូលក្នុងក្រុមជម្រើសជាតិ ដើម្បីហ្វឹកហាត់ត្រៀមលក្ខណៈចូលរួមការប្រកួតនៅលើឆាកជាតិ និងអន្តរជាតិនានា ជាពិសេសស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះតែម្តង។

រដ្ឋលេខាធិការរូបនេះ បានគូសបញ្ជាក់ទៀតថា ក្រសួងអប់រំ បានធ្វើកំណែទម្រង់ស៊ីជម្រៅលើវិស័យអប់រំកាយ និងកីឡា ដោយចាប់ពីឆ្នាំ២០១៩នេះតទៅ លើការប្រកួតកីឡាសិស្ស-និស្សិត ពីការប្រកួតកីឡាសិស្ស និស្សិតជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ ៤ប្រភេទកីឡា ទៅជាការប្រកួតកីឡាសិស្សថ្នាក់ជាតិ (National School Games) និងកីឡាសកលវិទ្យាល័យថ្នាក់ជាតិ (National University Games) រៀងរាល់០២ឆ្នាំម្តង ចាប់ពីឆ្នាំ២០១៩នេះតទៅ ដោយធ្វើចន្លោះឆ្នាំគ្នា ជាមួយការប្រកួតកីឡាជាតិ (National Games) ហើយថវិកា ក្នុងឆ្នាំដែលមិនបានប្រកួត ក្រសួងនឹងបង្វែរទៅធ្វើទីលានកីឡា នៅតាមគោលដៅវិញ។

ឯកឧត្តមបញ្ជាក់ថា ដើម្បីឱ្យកំណែទម្រង់នេះជោគជ័យបាន ក្រសួងអប់រំ យុវជន និងកីឡា សំណូមពរដល់អង្គការរដ្ឋកីឡា និងអង្គការសង្គមកីឡា ឱ្យខិតខំប្រឹងប្រែងរួមគ្នាបន្ថែមទៀត ដោយយកអស់ស្មារតី កម្លាំងកាយ និងលទ្ធភាពបំពេញភារកិច្ច ទៅតាមតួនាទីរៀងៗខ្លួន ដោយការទទួលខុសត្រូវខ្ពស់។ ជាមួយគ្នានេះ ឯកឧត្តម ស សុខា ក៏បានអំពាវនាវដល់វិស័យឯកជន សប្បុរសជន និងប្រជាជនចូលរួមឧបត្ថម្ភគាំទ្រជាស្មារតី សម្ភារ ថវិកា ដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាជាតិយើង។ ក្រោមពាក្យស្លោក រួមគ្នាធ្វើអ្វីៗទំាងអស់គ្នា ដើម្បីកីឡាឆ្ពោះទៅជោគជ័យ ស៊ីហ្គេម ឆ្នាំ២០២៣។

សូមបញ្ជាក់ថា ការប្រកួតកីឡាសិស្សថ្នាក់ជាតិ លើកទី១ ឆ្នាំ២០១៩ មាន១១ប្រភេទកីឡាដាក់ឲ្យប្រកួត ស្មើនឹង៩៥វិញ្ញាសា ដែលមានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី ចូលរួមសរុប ៣៤៥៩នាក់ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ នៅក្នុងពហុកីឡដ្ឋានជាតិ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner