សភាអឺរ៉ុបអនុម័តច្បាប់ថ្មី ដើម្បីអនុញ្ញាតឱ្យការអភិវឌ្ឍវ៉ាក់សាំងប្រឆាំង COVID-19 បានកាន់តែលឿន
ប៊ែលហ្ស៊ិក៖ សមាជិកសភាអឺរ៉ុប (MEPs) នៅថ្ងៃសុក្រនេះ បានអនុម័តច្បាប់ថ្មីមួយ ក្នុងគោលបំណងអនុញ្ញាតឱ្យការអភិវឌ្ឍវ៉ាក់សាំងប្រឆាំងជម្ងឺ COVID-19 បានកាន់តែលឿន នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ ។
ដោយសារតែរដ្ឋជាសមាជិកនីមួយៗនៅសហភាពអឺរ៉ុប តែងតែតម្រូវឱ្យមានការវាយតម្លៃពីហានិភ័យ នៃការព្យាបាលសាកល្បងលើឱសថ និងការតេស្តវ៉ាក់សាំងតាមរយៈការកែប្រែហ្សែនលើសារពាង្គ ដោយបច្ចេកទេសវិស្វកម្ម GMOs ជាហេតុធ្វើឱ្យមានការពន្យារពេលលើកការធ្វើតេស្តវ៉ាក់សាំងកន្លងមកនេះ ។ ដូច្នេះច្បាប់ថ្មីរបស់អឺរ៉ុបនេះ ត្រូវបានគេរំពឹងថា នឹងជួយសម្រួល ក៏ដូចជាការកាត់ពេលវេលា ក្នុងការអភិវឌ្ឍវ៉ាក់សាំង ដើម្បីសង្គ្រោះជិវិតមនុស្សឱ្យទាន់ពេលវេលា ។
សូមបញ្ជាក់ថា ច្បាប់ថ្មីនេះ នឹងលើកលែងជាបណ្តោះអាសន្នលើវិធីសាស្ត្រមួយចំនួនលើការសាកល្បងវ៉ាក់សាំង ដោយទទួលបានសំឡេងគាំទ្រ៥០៥សំឡេង ប្រឆាំង៦៧សំឡេង និងអនុប្បវាទ១០៩សំឡេង បន្ទាប់ពីការជជែកដេញដោលជាបន្ទាន់មួយត្រូវបានធ្វើឡើងកាលពីសប្តាហ៍មុន ៕




