ប្រធានាធិបតីអ៊ីរ៉ង់ថា លោក Trump ចង់ឲ្យអ៊ីរ៉ង់លុតជង្គង់ចុះចាញ់អាមេរិក
តេហេរ៉ង់ ៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក ម៉ាហ្សូត ប៉េសហ្ស៊ីគៀន បានចោទប្រកាន់សមភាគីអាមេរិក គឺលោក ដូណាល់ ត្រាំ ថា មានបំណងធ្វើឲ្យអ៊ីរ៉ង់ “លុតជង្គង់” សុំចុះចាញ់ប្រទេសរបស់ពួកគេ។
លោក ត្រាំ បានចាត់វិធានការប្រតិបត្តិមួយ
កាលពីសប្តាហ៍មុន ដើម្បីស្តារឡើងវិញនូវយុទ្ធនាការដែលគេហៅថា “សម្ពាធអតិបរមា” ប្រឆាំងនឹងអ៊ីរ៉ង់ ក្នុងគោលបំណងរារាំងប្រទេសនេះពីអ្វីដែលគាត់បានអះអាងថា ទទួលបានអាវុធនុយក្លេអ៊ែរ។
យ៉ាងណាមិញ ថ្លែងក្នុងឱកាសប្រារព្ធខួបលើកទី ៤៦ នៃបដិវត្តអ៊ីស្លាម កាលពីថ្ងៃចន្ទសប្តាហ៍នេះ លោក ប៉េសហ្ស៊ីគៀន បាននិយាយយ៉ាងដូច្នេះថា លោក ត្រាំ បានចុះហត្ថលេខានៅក្នុងអនុស្សរណៈនៃការឃុបឃិតគ្នា ដើម្បីនាំយកបដិវត្តន៍របស់យើងឱ្យលុតជង្គង់សុំចុះចាញ់។
លោក ប៉េសហ្ស៊ីគៀន ចង់សំដៅទៅលើការដាក់ទណ្ឌកម្មឡើងវិញរបស់លោក ត្រាំ ប្រឆាំងនឹងអ៊ីរ៉ង់នៅដើមខែនេះ។ ទន្ទឹមគ្នា ប្រធានាធិបតីអ៊ីរ៉ង់រូបនេះ បានសង្កត់ធ្ងន់ថា អ៊ីរ៉ង់នឹងមិនស្វែងរកសង្រ្គាមទេ ហើយថា អ៊ីរ៉ង់ក៏នឹងមិនចុះចាញ់នឹងសម្ពាធបរទេសដែរ។
ជាមួយគ្នានេះ លោក ប៉េសហ្ស៊ីគៀន ក៏បានច្រានចោលការអះអាងរបស់អាមេរិក ដែលថា អ៊ីរ៉ង់កំពុងបង្កអស្ថិរភាពក្នុងតំបន់ ដោយលើកហេតុផលថា អ៊ីស្រាអែលដែលមានការគាំទ្រពីអាមេរិកទៅវិញទេ គឺជាប្រភពបង្កអសន្តិសុខ ការទម្លាក់គ្រាប់បែកលើប្រជាជនស្លូតត្រង់នៅតំបន់ហ្កាហ្សា លីបង់ ស៊ីរី អ៊ីរ៉ង់ និងគ្រប់ទីកន្លែងដែលខ្លួនចង់ធើ្វ៕



ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា