អភិបាលខេត្តឧត្តរមានជ័យ អញ្ជើញទៅកាន់ប្រាសាទតាមាន់ ជាមួយការកោតសរសើរកងទ័ព
ឧត្តរមានជ័យ៖ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តឧត្តរមានជ័យ
កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញទៅកាន់នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ នៅចំណុចប្រាសាទតាមាន់ នៃភូមិតាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

វត្តមានរបស់ឯកឧត្តមអភិបាលខេត្តឧត្តរមានជ័យ ទៅកាន់តំបន់បណ្ដោយព្រំដែនកម្ពុជា-ថៃ នៅចំណុចប្រាសាទតាមាន់ គឺដើម្បីសាកសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធនៅជួរមុខ និងត្រួតពិនិត្យសមិទ្ធផលនានានៅទីនោះផង។

ក្នុងឱកាសនេះឯកឧត្តមអភិបាលខេត្តឧត្តរមានជ័យ បាននាំប្រសាសន៍ផ្តាំផ្ញើសុខទុក្ខពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនិងលោកជំទាវបណ្ឌិត ដែលជានិច្ចកាល សម្ដេចតែងតែគិតគូយកចិត្តទុកដាក់ជាប់ជានិច្ចពីសុខទុក្ខ និងជីវភាពរស់នៅរបស់កងកម្លាំងប្រដាប់អាវុធទាំងអស់ ជាពិសេសកងកម្លាំងប្រដាប់អាវុធ ដែលកំពុងឈរជើងការពារបូរណភាពទឹកដី នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ។ឯកឧត្តមបន្តថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខបានយកចិត្តទុកដាក់ជាខ្លាំង លើការងារគ្រប់គ្រងព្រំដែន ដើម្បីធានាដល់ការទទួលខុសត្រូវលើការងារទប់ស្កាត់ បង្ការ បង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់គ្រប់ប្រភេទប្រកបដោយប្រសិទ្ធភាព។

ឯកឧត្តមអភិបាលខេត្តក៏បានថ្លែងកោតសរសើរ និងដឹងគុណចំពោះនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត ដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី និងនាំមកនូវសុខសន្តិភាព ស្ថិរភាព។

នៅទីនោះដែរ ឯកឧត្តម មាន ចាន់យ៉ាដា បានពិនិត្យសមិទ្ធផលនានា ជាពិសេសអាងស្តុបទឹកមួយកន្លែង ដែលបានសាងសង់រួចរាល់ សម្រាប់ឱ្យកងកម្លាំង និងប្រជាពលរដ្ឋនៅទីនោះប្រើប្រាស់និងបានប្រគល់អំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ជាគ្រឿងឧបភោគ បរិភោគដល់កងកម្លាំងការពារតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ៕
ដោយ៖ឡុង សំបូរ
