បុណ្យទន្លេលើកទី៩នឹងប្រារព្ធនៅខេត្តតាកែវចាប់ពីថ្ងៃទី២១-២២-២៣ ខែមីនាខាងមុខ
តាកែវ៖ព្រឹត្តការណ៍បុណ្យទន្លេលើកទី៩ នឹងរៀបចំធ្វើឡើងនៅទឹកដីខេត្តតាកែវ នាសួនច្បារមាត់បឹងតាកែវ ក្រុងដូនកែវ ខេត្តតាកែវ រយៈពេលបីថ្ងៃចាប់ពីថ្ងៃទី២១-២២ និងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ខាងមុខ។នេះបើយោងតាមលទ្ធផល នៃកិច្ចប្រជុំកាលពីព្រឹកថ្ងៃទី១៩ ខែកុម្ភៈ នៅសាលាខេត្តតាកែវ ។

ដោយមានវត្តមានឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ ក្នុងកិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យទន្លេលើកទី៩ ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានលើកសរសើរពីលក្ខណៈពិសេសរបស់ខេត្តតាកែវ ជាខេត្តដែលមានសក្ដានុពលមួយ ក្នុងនេះមាន តំបន់ទេសចរណ៍ប្រវត្តិសាស្រ្ត រមណីយដ្ឋានទេសចរណ៍ធម្មជាតិ សិប្បកម្មតម្បាយ សូត្រ ហូល ផាមួង ក្រមា កសិកម្មដំណាំស្រូវ ធនធានធម្មជាតិពិសេសៗជាច្រើន ដូចជា បង្កងទឹកសាបដ៏ល្បីល្បាញ ពងទាកូនស្រែរនោង ។ល។ទាំងនេះជាចំណុចទាក់ទាញទេសចរ។

រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានបន្ថែមថា គោលបំណងនៃពិធីបុណ្យទន្លេ គឺដើម្បីជំរុញលើកតម្លៃ និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តនានា តាមដងទន្លេ ជាពិសេស លើកទឹកចិត្តដល់ប្រជាជន នៅតាមបណ្តាខេត្តទាំងនោះ ឱ្យចូលរួមយ៉ាងសកម្ម ក្នុងការអភិវឌ្ឍទីក្រុងជាប់ដងទន្លេ ការងារអភិវឌ្ឍទេសចរណ៍សហគមន៍។ការរៀបចំព្រឹត្តិការណ៍បុណ្យទន្លេគឺជាកម្មវិធីពិពិធកម្មផលិតផលទេសចរណ៍កម្ពុជាឱ្យកាន់តែសម្បូរបែបប្រកបដោយភាពទាក់ទាញ សំដៅទាក់ទាញភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិឱ្យមកចូលទស្សនា ,មកស្នាក់នៅក្នុងខេត្តតាកែវកាន់តែច្រើនឡើងៗ ។

សូមជម្រាបថា តាមកម្មវិធីគ្រោងទុកបុណ្យទន្លេលើកទី៩ ឆ្នាំ២០២៥ នៅខេត្តតាកែវនឹងប្រារព្ធនៅថ្ងៃទី ២១-២២-២៣ ខែមីនា ខាងមុខនាបរិវេណសួនច្បារមាត់បឹងតាកែវ ក្រុងដូនកែវ។ក្នុងព្រឹត្តិការណ៍នេះដែរក៏នឹងមានព្រឹត្តិការណ៍កីឡា ១០ប្រភេទ ,សិល្បៈកម្សាន្ត បុរាណ និងសម័យ ការដាក់តាំងនូវផលិតផលនានា។

សូមជម្រាបជូនថា បុណ្យទន្លេបានរៀបចំឡើងតាមរបៀនឆ្លាស់វេន ដោយបុណ្យទន្លេលើកទី១ ប្រារព្ធនៅខេត្តក្រចេះ ក្នុងឆ្នាំ២០១៥ ។លើកទី២ ប្រារព្ធនៅខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ក្នុងឆ្នាំ២០១៦។លើកទី៣ ប្រារព្ធនៅខេត្តស្ទឹងត្រែងក្នុងឆ្នាំ២០១៧។លើកទី៤ ប្រារព្ធនៅក្រុងតាខ្មៅ ខេត្តកណ្តាលក្នុងឆ្នាំ២០១៨។លើកទី៥ ប្រារព្ធនៅខេត្តកំពង់ឆ្នាំងក្នុងឆ្នាំ២០១៩។លើកទី៦ បានរៀបចំនៅខេត្តបាត់ដំបង ក្នុងឆ្នាំ២០២០ ។សម្រាប់ក្នុងឆ្នាំ២០២១ និងឆ្នាំ២០២២ កម្ពុជា មិនបានប្រារព្ធទេដោយសារវិបត្តិកូវីដ-១៩។ចំណែកបុណ្យទន្លេលើកទី៧ ប្រារព្ធឡើងវិញនៅខេត្តកំពង់ធំក្នុងឆ្នាំ២០២៣ ។លើកទី៨ ប្រារព្ធនៅខេត្តសៀមរាប ក្នុងឆ្នាំ២០២៤៕
ដោយ៖ តាកែវ
