រាជរដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយ ៤៦២,០០៣ដុល្លារអាមេរិក សម្រាប់វិស័យសុខាភិបាល និងសន្តិសុខសង្គមកម្ពុជា
(ភ្នំពេញ)៖ រាជរដ្ឋាភិបាលជប៉ុន បានសម្រេចផ្តល់ជំនួយឥតសំណង ជាទឹកប្រាក់ចំនួន ៤៦ម៉ឺន ២ពាន់ ៣ដុល្លារអាមេរិកដល់កម្ពុជា ជួយដល់វិស័យសុខាភិបាល និងសន្តិសុខសង្គមកម្ពុជា នៃគម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (គូសាណូណិ) ។
ពិធីចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណងនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ នៅ ស្ថានទូតជប៉ុន ក្រោមការអញ្ជើញចូលរួមជាអធិបតី ដោយ ភាគីជប៉ុនគឺ ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា និងពីភាគីកម្ពុជា ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្ត្រាចារ្យរង លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង ។
ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា នៅក្នុងពិធីចុះហត្ថលេខានោះបានថ្លែងថា ថវិការដែលកម្ពុជាទទួលបានទាំង ៤៦ម៉ឺន ២ពាន់ ៣ដុល្លារអាមេរិក ត្រូវបានបែងចែកជា ៣ផ្នែក រួមមាន ៖ ទី១ ថវិការចំនួន ៨ម៉ឺន ៣ពាន់ ៦៧២ដុល្លារអាមេរិក សម្រាប់គម្រោងធ្វើលទ្ធកម្មរថយន្តបាញ់ខ្យល់របស់ជប៉ុន ជាឧបករណ៍ដែលបំពាក់ដោយកង្ហារធំ និងឧបករណ៍បាញ់ខ្យល់ ដែលនឹងជួយការពារអាយុជីវិត និងទ្រព្យសម្បត្តិប្រជាពលរដ្ឋប្រមាណជិត ៣លាននាក់ ក្នុងរាជធានីភ្នំពេញ ដោយការបាញ់ខ្យល់ចេញយ៉ាងសកម្មពីអាគារដែលមានអគ្គីភ័យ ។
ទី២ ថវិកាចំនួន ១៥ម៉ឺន ៤ពាន់ ៣៧៦ដុល្លាអាមេរិក សម្រាប់គម្រោងធ្វើលទ្ធកម្មរថយន្តពន្លត់អគ្គិភ័យជណ្តើរយន្តចំនួន១ និងរថយន្តសង្គ្រោះអគ្គិភ័យចំនួន១ ដល់រដ្ឋបាលរាជធានីភ្នំពេញ ដែលរថយន្តទាំងពីរគ្រឿងនេះ ត្រូវគេរំពឹងថា នឹងអាចជួយពន្លត់អគ្គិភ័យដែលកើតឡើងលើអគារមានខ្ពស់ៗ រហូតដល់ជាន់ទី១១ ឬក្នុងស្ថានភាពលំបាកផ្សេងទៀតបាន ។ និងទី៣ ថវិការចំនួន ២២ម៉ឺន ៣ពាន់ ៩៥៥ដុល្លារអាមេរិក សម្រាប់ «គម្រោងបំពាក់បរិក្ខារពេទ្យនៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងរាជធានីភ្នំពេញ ។ បរិក្ខារថ្មីទាំងនេះ នឹងរួមចំណែកដល់ការធ្វើឲ្យប្រសើរឡើងនូវគុណភាពនៃការវះកាត់ផ្នែកត្រចៀក ច្រមុះ បំពង់ក ដែលធ្វើរោគវិនិច្ឆ័យអ្នកជំងឺប្រមាណ ១ម៉ឺន ៤ពាន់នាក់ជារៀងរាល់ឆ្នាំ ។
ជប៉ុន ចាប់តាំងពីឆ្នាំ១៩៩១មក បានគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការអភិវឌ្ឍ និងស្ថាបនាប្រទេសឡើងវិញនៅកម្រិតមូលដ្ឋាន ដែលក្នុងនោះបានផ្តល់ថវិការជាង ៧១លានដុល្លាអាមេរិក ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីអនុវត្តគម្រោងគូសាណូណិចំនួន ៧០០គម្រោង នៅទូទាំងប្រទេស ៕
អត្ថបទ ៖ គង់ សុផុល
រូបភាព ៖ សួង ពិសិដ្ឋ







