រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្វាគមន៍ សមាគមពាណិជ្ជកម្មកម្ពុជា-អាស៊ាន ដែលមានបំណងវិនិយោគដាំដើមអាកាស្យា និងស្វាយចន្ទី នៅកម្ពុជា
(ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្តែងនូវការស្វាគមន៍ និងក្តីសោមនស្សរីករាយចំពោះ លោក វ៉ាង តុង (WANG TONG) អគ្គលេខាធិការ នៃសមាគមជំរុញដល់ការលើកកម្ពស់សេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជា-អាស៊ាន ដែលមានបំណងសហការចូលរួមវិនិយោគដាំដើមអាកាស្យា និងស្វាយចន្ទី លើសម្បទានដីសេដ្ឋកិច្ច ដើម្បីរួមចំណែកលើកស្ទួយវិស័យកសិកម្មនៅកម្ពុជា ។
ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំទៅតំណាងសមាគមត្រូវរៀបចំផែនការមេឱ្យបានច្បាស់លាស់ មានទុនវិនិយោគគ្រប់គ្រាន់ ព្រមទាំងមានធនធានមនុស្សដែលមានជំនាញកសិកម្ម ចេះបច្ចេកទេសកែច្នៃផលិតផលកសិកម្ម ដោយប្រមូលទិញវត្ថុធាតុដើមពីប្រជាកសិករដែលមានស្រាប់ដូចជា ដើមអាកាស្យា ស្វាយចន្ទី និងដំឡូងមីជាដើម ដើម្បីយកទៅសម្ងួត កែច្នៃ និងនាំចេញទៅទីផ្សារបានពិតប្រាកដ ដោយមិនប្រកួតប្រជែងការដាំដុះជាមួយប្រជាកសិករឡើយ។
លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា សមាគមអាចពិនិត្យលទ្ធភាពជ្រើសរើសពូជដំណាំប្លែកៗ ដែលប្រជាជនកម្ពុជាមិនមានលទ្ធភាពដាំដូចជា ដំណាំសម្រាប់ផលិតជាថ្នាំចិន ដែលអាចមានភាពងាយស្រួលសម្រាប់សមាគម ក្នុងការនាំចេញទៅក្រៅប្រទេសទាំងបរិមាណ ទំហំ តម្លៃ និងទទួលបានតម្លៃបន្ថែមខ្ពស់។
ការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រី កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ខណៈទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសមាគមជំរុញដល់ការលើកកម្ពស់សេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជា-អាស៊ាន នៅទីស្តីការក្រសួងកសិកម្ម ។
ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ក្រសួងកសិកម្ម នឹងជួយគាំទ្រផ្នែកបច្ចេកទេស និងបើកទ្វារទូលាយស្វាគមន៍អ្នកវិនិយោគបរទេស និងដៃគូអភិវឌ្ឍន៍នានា ដើម្បីសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា សំដៅលើកស្ទួយវិស័យកសិកម្មឱ្យកាន់មានរីកចំរើន និងទទួលបានផលចំនេញទាំងអស់គ្នា៕
ប្រភព ៖ ក្រសួងកសិកម្ម







