កម្ពុជានិងកូរ៉េ ប្រារព្ធពិព័រណ៍សិល្បៈរួមគ្នានៅសារៈមន្ទីរអង្គរ ខេត្ដសៀមរាប
សៀមរាប៖កម្ពុជា និងសាធារណរដ្ឋកូរ៉េ បានរៀបចំពិព័រណ៍សិល្បៈរួមគ្នានៅសារមន្ទីរជាតិអង្គរ ខេត្តសៀមរាប។ក្នុងព្រឹត្តិការណ៍ដែលប្រារព្ធបើកកាលពីព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ នេះក៏មានការថតរូប និង ថតវីដេអូ ព្រមទាំងការបរិច្ចាគថវិកាដល់សហគមន៍ផងដែរ។

ពិព័រណ៍សិល្បៈ កម្ពុជា -កូរ៉េ បានរៀបចំដោយស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាជារណរដ្ឋកូរ៉េ សហការ ជាមួយសមាគមវប្បធម៌កូរ៉េ (KCA)ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប។ពិធីបើកអញ្ជើញចូលរួមលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ដ្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឯកឧត្ដម ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ ឯកឧត្ដម ប្រាក់ សោភ័ណ អភិបាលខេត្ដសៀមរាប ព្រមទាំងភ្ញៀវកិត្តិយសមកពីប្រទេសកូរ៉េ ។

លោកជំទាវ ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានបញ្ជាក់ថាព្រឹត្តិការណ៍ពិព័រណ៍សិល្បៈរួមគ្នា បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នារបស់ពួកយើង ក្នុងការជំរុញនូវការផ្លាស់ប្តូរសិល្បៈ និងការអភិរក្សកេរដំណែលវប្បធម៌។
ស្នាដៃសិល្បៈរបស់វិចិត្រករសិល្បៈកូរ៉េល្បីៗ,ការថតរូបបែបបំផុសគំនិត និងវត្ថុបុរាណដែលត្រូវបានតាំងបង្ហាញបរិយាយពីបេតិកភណ្ឌ, ភាពសុខដុមរមនារបស់មនុស្សជាតិជាមួយនឹងធម្មជាតិ និងភាសាសន្ទនាតាមរយៈវប្បធម៌, ការថតរូបប្រាសាទ,ការបង្ហាញម៉ូដសម្លៀកបំពាក់ និងការចូលរួមចំណែកសប្បុរសធម៌ជូនសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្តេចតេជោ និងមជ្ឈមណ្ឌលកុមារកំព្រាខេត្តសៀមរាប ក៏ត្រូវបានបង្ហាញក្នុងព្រឹត្តិការណ៍ពិព័រណ៍មួយនេះ។

មកដល់ពេលនេះខេត្តសៀមរាប បានបង្កើតចំណងសម្ព័ន្ធមេត្រីភាពជាមួយខេត្ត-ក្រុង នៃសាធារណរដ្ឋ-កូរ៉េចំនួន៣ខេត្ត-ក្រុង រួមមាន ទីក្រុងស៊ូរៀន នៃខេត្តឈៀងពី ខេត្តជុងចុងណាំដូ និងខេត្តកាងរៀន។កិច្ចសហប្រតិបត្តិការ បានអនុវត្តទាក់ទងទៅនឹងវិស័យវប្បធម៌ សង្គមកិច្ច កសិកម្ម អប់រំ ទេសចរណ៍ សុខាភិបាល ពាណិជ្ជកម្មជាដើម។

ឯកឧត្ដម ប្រាក់ សោភ័ណ អភិបាលខេត្ដសៀមរាបបានពណ៌នាថា ព្រឹត្តិការណ៍អន្តរជាតិដែលកិច្ចសហប្រតិបត្តិការរវាង ប្រទេសកូរ៉េ និងកម្ពុជា ,ប្រជាជន និងប្រជាជន ក៏ដូចជាការផ្សព្វផ្សាយវប្បធម៌ អរិយធម៌ ខ្មែរ-កូរ៉េ ជាការទាក់ទាញភ្ញៀវទេសចរអន្តរជាតិ។
សូមជម្រាបថា ពិព័រណ៍សិល្បៈនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២០-២៥ ខែកុម្ភៈ ឆ្នាំ ២០២៥ នៅសារមន្ទីរជាតិអង្គរ ដើម្បីបង្ហាញការតាំងពិព័រណ៍បេតិកភណ្ឌវប្បធម៌ជាតិ និងស្នាដៃរបស់វិចិត្រករ និងសិប្បករជនជាតិកូរ៉េល្បីៗ រួមមានគំនូរដែលបង្ហាញអំពីទឹកដីកម្ពុជា និងស្នាដៃសិល្បៈថ្នាក់ជាតិ ដែលបង្ហាញឱ្យស្គាល់ពីប្រទេសកូរ៉េ តាមរយៈបច្ចេកទេសប្រពៃណីកូរ៉េ ដើម្បីលើកកម្ពស់ការយល់ដឹង អំពីចំណេះដឹងសង្គម និងវប្បធម៌ ខណៈពេលដែលមានការអបអរសាទរបេតិកភណ្ឌរួមគ្នារវាង ប្រជាជាតិទាំងពីរ។ការថតរូប និងវីដេអូ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២១-២២ ខែកុម្ភៈ នៅបរិវេណ វង់តូច ក្នុងនោះ មានប្រាសាទអង្គរវត្ត និងប្រាសាទតាព្រហ្ម ដោយមានការស្លៀកសម្លៀកបំពាក់ដែលជាការច្នៃម៉ូតពីអ្នករចនាម៉ូតដ៏ល្បីល្បាញលើពិភពលោក គឺលោក LIE SANG BONG ព្រមទាំងក្រុម រចនាម៉ូត Kora Hanbok Diplomatic Mission ដែលរចនាសម្លៀកបំពាក់ប្រពៃណីឈានមុខគេរបស់ប្រទេសកូរ៉េ។
ព្រឹត្តិការណ៍នេះផ្តួចផ្តើមឡើងក្នុងគោលបំណងផ្សព្វផ្សាយ តំបន់បេតិកភណ្ឌ ពិភពលោករបស់កម្ពុជា និងការបង្ហាញវប្បធម៌កូរ៉េនៅលើឆាកអន្តរជាតិ តាមរយៈការបង្ហាញសម្រស់ ដ៏វិចិត្រនៃប្រាង្គប្រាសាទបុរាណ និងស្នាដៃដ៏វិសេសរបស់បុព្វបុរសខ្មែរ។
ដោយឡែកការបរិច្ចាគថវិកា ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ នឹងរៀបចំកម្មវិធីសប្បុរសធម៌នៅថ្ងៃទី២៣ ខែកុម្ភៈ នៅមជ្ឈមណ្ឌលកុមារកំព្រាខេត្តសៀមរាប ក្នុងគោលបំណងផ្តល់ការឧបត្ថម្ភដល់ប្រជាពលរដ្ឋជួបការលំបាក ជាពិសេសកុមារកំព្រា តាមរយៈការផ្តល់ជំនួយផ្នែកអប់រំ និងសុខាភិបាល ។ ក្នុងឱកាសនោះដែរ ថវិកានិងសម្ភារៈផ្សេងៗនឹងត្រូវប្រគល់ជូន សមាគមគ្រូពេទ្យស្ម័ក្រចិត្តយុវជនសាម្តេចតេជោ (TYDA) និងមជ្ឈមណ្ឌលកុមារកំព្រាខេត្តសៀមរាប៕
ដោយ៖ប៊ុនរដ្ឋា
