សម្ព័ន្ធភាពបណ្តុំសមាគមអង្គការស៊ីវិល ស្វែងយល់ពីគោលនយោបាយអាទិភាព ក្នុងវិស័យកសិកម្ម កម្ពុជា
(ភ្នំពេញ)៖ សមាគមអង្គការស៊ីវិល ស្នើសុំគោលការណ៍ណែនាំ និងស្វែងយល់បន្ថែមពីសំណាក់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទាក់ទងនឹងគោលនយោបាយអាទិភាពក្នុងវិស័យកសិកម្ម ជាពិសេសការចងក្រងសហគមន៍កសិកម្មទំនើប ដើម្បីជាធាតុចូលសំខាន់សម្រាប់ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានបានយល់ដឹងកាន់តែច្បាស់ និងផលប្រយោជន៍ផ្សេងៗ។
ឯកឧត្តមរដ្ឋមន្ដ្រី បានពន្យល់បកស្រាយ និងលើកឡើងអំពីកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល គឺយន្តការរក្សាស្ថិរភាពថ្លៃ ការចងក្រងសហគមន៍ កសិកម្មទំនើប ធ្វើយ៉ាងណាថែរក្សានិរន្តរភាពស្បៀង និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ។
ការស្នើសុំគោលការណ៍ណែនាំនេះ ធ្វើឡើងក្នុងជំនួប ពិភាក្សាការងារជាមួយសម្ព័ន្ធភាពបណ្តុំសមាគមអង្គការស៊ីវិល កាលពីរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងកសិកម្ម ។
ឯកឧត្តមរដ្ឋមន្ដ្រី បានលើកទឹកចិត្តដល់បណ្តាអង្គការ សមាគមក្រៅរដ្ឋាភិបាលនានា ចូលរួមក្នុងវិស័យកសិកម្ម ការពារធនធានធម្មជាតិ ផ្តល់ព័ត៌មានពិតក្នុងសង្គមឱ្យបានទូលំទូលាយ និងចូលរួមទប់ស្កាត់ព័ត៌មានដែលមិនពិត និងមិនមានប្រភពច្បាស់លាស់ ដែលជាផលលំបាកដល់ប្រជាកសិករ និងអាចប៉ះពាល់ដល់បញ្ហាថ្លៃកសិផលផងដែរ៕





ប្រភព ៖ ក្រសួងកសិម្ម