សម្តេចប្រធានរដ្ឋសភាកម្ពុជា ជឿជាក់ថា បេសសកម្មការទូតវៀតណាមថ្មី នឹងបន្តកិច្ចសហប្រតិបត្តិការយូរអង្វែង និងគ្រប់ជ្រុងជ្រោយ
(ភ្នំពេញ)៖ ខណៈទទួលជួប ឯកឧត្តម ង្វៀន មិញវ៉ូ ( NGUYEN Minh Vu) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពថ្មីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា មានជំនឿមុតមាំថា ក្នុងអាណត្តិបេសកកម្មការទូតរបស់ និងសហការី នឹងបន្តលើកកម្ពស់ “ទំនាក់ទំនងមិត្តភាពជិតខាងល្អ ជាប្រពៃណី និងកិច្ចសហប្រតិបត្តិការប្រកបដោយភាពរឹងមាំ យូរអង្វែងនិងគ្រប់ជ្រុងជ្រោយ” លើគ្រប់វិស័យទាំងការងារការទូតសភា ពាណិជ្ជកម្ម ទេសចរណ៍ វិនិយោគនិងវិស័យជាច្រើនទៀត។

ឯកឧត្តម ង្វៀន មិញវ៉ូ បានចាប់អារម្មណ៍ខ្ពស់ចំពោះសមិទ្ធផលជាច្រើនដែល រាជរដ្ឋាភិបាលកម្ពុជា សម្រេចបាននាពេលកន្លងមក។ ទន្ទឹមនេះដែរ ប្រទេសវៀតណាមបានដាក់ទុនវិនិយោគនៅកម្ពុជាចំនួន ៤០០គម្រោង ក្នុងទំហំទឹកប្រាក់ប្រមាណ ៣ពាន់លានដុល្លារ ។

ឯកឧត្តម ង្វៀន មិញវ៉ូ សង្ឃឹមថា រដ្ឋសភាកម្ពុជា នឹងបន្តផ្តល់កិច្ចសហការល្អជាមួយស្ថានទូតវៀតណាម ដើម្បីឱ្យបេសកកម្មការទូតរបស់ឯកឧត្តមទទួលបានជោគជ័យ នាំមកនូវផលប្រយោជន៍ជូនប្រទេសនិងប្រជាជនទាំងសងខាង។

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី និងឯកឧត្តម ង្វៀន មិញវ៉ូ បានបញ្ជាក់ជំហររួមគ្នានៅក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ ទាំងក្របខណ្ឌទ្វេភាគី និងពហុភាគី ក៏ដូចជាទាំងខាងស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិដោយយកប្រជាពលរដ្ឋជាស្នូល ។ សម្តេចប្រធានរដ្ឋសភានិងឯកឧត្តមឯកអគ្គរដ្ឋទូតសន្យាថានឹងខិតខំជំរុញឱ្យទំហំពាណិជ្ជកម្មប្រទេសទាំងពីរសម្រេចបានដល់ ២០ពាន់លានដុល្លារក្នុងពេលខាងមុខនេះ ៕
ដោយ ៖ ហេង សម្បត្តិ + ថេត វិចិត្រ

