មនុស្សរាប់ម៉ឺននាក់តវ៉ាប្រឆាំងអំពើពុករលួយ នៅស៊ែប៊ី

បរទេស ៖ មនុស្សរាប់ម៉ឺននាក់បានចេញក្រៅ តវ៉ាប្រឆាំងនឹងអំពើពុករលួយ នៅភាគខាងត្បូង ប្រទេសស៊ែប៊ី កាលពីថ្ងៃអាទិត្យ។

ការតវ៉ា នៅទីក្រុង Nis គឺជាការជួបជុំប្រឆាំងអំពើពុករលួយ ដែលដឹកនាំដោយនិស្សិត ចុងក្រោយបង្អស់ ដើម្បីកក្រើកប្រទេសនៃប្លុក បាល់កង់ មួយនេះ ពោលគឺបន្ទាប់ពីមានការបាក់ដំបូលស្ថានីយ៍រថភ្លើង កាលពីឆ្នាំមុន សម្លាប់មនុស្ស ១៥នាក់។ ការបាក់នេះ បានកើតឡើង បន្ទាប់ពីមានការជួសជុលអគារដ៏ច្រើន សន្ធឹកសន្ធាប់ ហើយបានបញ្ឆេះកំហឹងយ៉ាងយូរ នៅក្នុងប្រទេស ជុំវិញអំពើពុករលួយ និង កង្វះការត្រួតពិនិត្យ លើគម្រោងសាងសង់ និងអភិវឌ្ឍន៍។

ចលនាជាច្រើនខែមកនេះ បានដាក់សម្ពាធ កាន់តែខ្លាំងឡើង លើរដ្ឋាភិបាលស៊ែប៊ី និងប្រធានាធិបតី Aleskandar Vucic ដោយជំរុញឱ្យមានការលាលែងពីតំណែង របស់មន្ត្រីជាន់ខ្ពស់ ជាច្រើននាក់ រួមទាំង នាយករដ្ឋមន្ត្រី ផងដែរ។

តាំងពីព្រឹកព្រលឹមឡើង អ្នកស្រុកបានដំឡើងតូបលក់ដូរ នៅតាមផ្លូវនានា ក្នុងទីក្រុង ដោយផ្តល់អាហារ និងអាហារសម្រន់ ដល់ហ្វូងមនុស្សដែលកំពុងឆ្លងកាត់ គ្រវីទង់ជាតិ កាន់បដាប្រឆាំងអំពើពុករលួយ និង ផ្លុំកញ្ចែ ទៀតផង។

លោក Aleksandar Arandjelovic មេធាវី អាយុ ៣៤ ឆ្នាំមកពី ទីក្រុង Nis បានប្រាប់ AFP ថា «យើងរំពឹងថា នឹងមានការផ្លាស់ប្តូរ…យើងកោតសរសើរថាមពល ដ៏អស្ចារ្យនេះ»៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner