មេដឹកនាំលីបង់ធ្វើទស្សនកិច្ចនៅ អារ៉ាប៊ី សាអូឌីត
បរទេស ៖ ប្រធានាធិបតីនៃប្រទេសលីបង់ លោក Joseph Aoun បានធ្វើដំណើរ ទៅដល់ប្រទេស អារ៉ាប៊ី សាអូឌីត ក្នុងដំណើរទស្សនកិច្ច ជាលើកដំបូង នៅបរទេស។
លោកបានទៅដល់ទីនោះ កាលពីថ្ងៃច័ន្ទ សម្រាប់ដំណើរទស្សនកិច្ច ជាលើកដំបូង របស់លោក នៅក្រៅប្រទេស ពោលគឺ ចាប់តាំងពីបានចូលកាន់តំណែង កាលពីដើមឆ្នាំនេះ។
លោក Joseph Aoun បាននិយាយថា «ខ្ញុំទន្ទឹងរង់ចាំ ដោយក្តីសង្ឃឹមយ៉ាងមុតមាំ ចំពោះកិច្ចពិភាក្សា ដែលខ្ញុំនឹងធ្វើជាមួយព្រះអង្គម្ចាស់ Mohammed bin Salman»។
លោក Aoun បានគូសបញ្ជាក់ពីសារៈសំខាន់ នៃដំណើរទស្សនកិច្ចនេះ ដោយអះអាងថា ជាឱកាស ដើម្បីបញ្ជាក់ឡើងវិញ នូវទំនាក់ទំនង រវាងលីបង់ និង អារ៉ាប៊ី សាអូឌីត ដែលបានចាក់ឫសយ៉ាងជ្រៅ។
លោកក៏បានសម្តែងការកោតសរសើរ សម្រាប់ការគាំទ្រជាបន្តបន្ទាប់ របស់ប្រទេសអារ៉ាប៊ី សាអ៊ូឌីត ក្នុងការរក្សាស្ថិរភាព សន្តិសុខរបស់ប្រទេសលីបង់ និង អះអាងពីដំណើរការត្រឹមត្រូវ នៃរដ្ឋធម្មនុញ្ញ របស់ប្រទេសលីបង់៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
