ព្រឹត្តិការណ៍ប្រកួតបាល់ទាត់កុមារាIan Thompson Memorial – ISF ប្រចាំឆ្នាំ២០២៥ចូលរួមលើកកម្ពស់សុខុមាលភាព និងស្មារតីស្រឡាញ់កីឡា
(ភ្នំពេញ)៖ អង្គការ ផ្កាយសមុទ្រ ហៅកាត់ថា ISF បានរៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទាត់កុមារា Ian Thompson Memorial – ISF ប្រចាំឆ្នាំរបស់ខ្លួន ។ ព្រឹត្តិការណ៍បាល់ទាត់ប្រចាំឆ្នាំដ៏ធំមួយនេះបានប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ដោយប្រមូល ផ្តុំក្រុមបាល់ទាត់សរុប៥៣ក្រុមទូទាំងប្រទេស មកចូលរួមប្រកួតប្រជែងរយៈពេលមួយថ្ងៃពេញ ។ កម្មវិធីប្រកួត នេះទៀតសោតបែងចែកទៅតាមប្រភេទអាយុខុសៗគ្នាដូចជា៖ កុមារាអាយុក្រោម ១០ឆ្នាំ, កុមារាអាយុក្រោម ១៤ឆ្នាំ និងកុមារាអាយុក្រោម ១៦ឆ្នាំជាដើម ។
លោក ស្រី ជួប វិច្ឆិកា នាយិកា អង្គការផ្កាយសមុទ្រកម្ពុជា បានគូសបញ្ជាក់ថា ឆ្នាំ២០២៥នេះ គឺជាឆ្នាំទីដប់មួយហើយ ដែលអង្គការផ្កាយសមុទ្រសហការជាមួយនឹងមូលនិធិ Ian Thompson Memorial ដែលមាន លោក Alistair ជាកូនប្រុស ដើម្បីរំលឹកដល់ឌួងវិញ្ញាណខក្ខណ្ឌ និងរក្សានូវកេរ្តិ៍ដំណែលរបស់ Ian Thompson ដែលជាអ្នកគាំទ្រវិស័យកីឡាដ៏មោះមុតម្នាក់ និងតែងតែគាំទ្រដល់ការងាររបស់អង្គការផ្កាយសមុទ្រក្នុងការកាត់ បន្ថយភាពក្រីក្រ តាមរយៈការផ្តល់ឱកាសស្មើរគ្នា ដើម្បីទទួលបានការអប់រំ សេវាថែទាំសុខភាព និងកីឡា ។
លោក ស្រីថា ព្រឹត្តិការណ៍ប្រកួតបាល់ទាត់កុមារាប្រចាំឆ្នាំដ៏ធំមួយនេះ ដើរតួយ៉ាងសំខាន់ក្នុងការផ្តល់ឱកាសដល់កីឡាករវ័យ ក្មេងឲ្យបញ្ចេញសមត្ថភាព ក៏ដូចជាទឹកចិត្តស្រឡាញ់កីឡា និងស្មារតីសាមគ្គីជាក្រុមផងដែរ ។ ឆ្នាំនេះ កុមារាជា កីឡាករដល់ទៅជាង ៦០០នាក់ បានចូលរួមប្រកួត ដោយពួកគេម្នាក់ៗធ្វើដំណើរមកពីខេត្តក្រុងផ្សេងៗចំនួន ៩ នៅទូទាំងប្រទេសកម្ពុជា ដូចជា៖ ខេត្តរតនៈគិរី បន្ទាយមានជ័យ កំពង់ធំ កំពង់ស្ពឺ បាត់ដំបង កំពត ក្រុងសៀមរាប និងក្រុងព្រះសីហនុ និងខ្លះទៀតមកពីសាលាដៃគូរបស់អង្គការផ្កាយសមុទ្រជុំវិញរាជធានីភ្នំពេញ ។
ពីមួយឆ្នាំទៅមួយឆ្នាំ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់កុមារា នេះកាន់តែជោគជ័យ និងធំឡើងៗ ក៏ដោយសារតែមាន ការឧបត្ថម្ភគាំទ្រយ៉ាងសំខាន់ពីអ្នកឧបត្ថម្ភ ក្រុមប្រឹក្សាភិបាល និងអ្នកគាំទ្រធំៗជាច្រើនទៀត ដែលធ្វើដំណើរមក រាជធានីភ្នំពេញ ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតនេះ ។
ការរួមចំណែករបស់ពួកគេដើរតួយ៉ាងសំខាន់ក្នុងការ ធានាបានថាកីឡាករវ័យក្មេងទាំងនេះទទួលបានឱកាសចូលរួមប្រកួតក្នុងការប្រកួតដ៏មានគុណភាព និងអភិវឌ្ឍ ខ្លួន ។
ដោយឡែក លោក Greg Preston ជាប្រធានគ្រប់គ្រងកម្មវិធីបាល់ទាត់អង្គការផ្កាយសមុទ្របានមានប្រសាសន៍ថា៖ “ព្រឹត្តិការណ៍ប្រកួតបាល់ទាត់កុមារានេះគឺមានន័យលើសពីការប្រកួត ព្រោះតែវាបាននាំមកនូវឱកាសជាច្រើន ដល់កីឡាករវ័យក្មេងក្នុងការរៀនសូត្រ អភិវឌ្ឍជំនាញ និងផ្សារភ្ជាប់ទំនាក់ទំនងជាមួយនឹងមនុស្សថ្មីៗ ដែលមក ពីបណ្តាខេត្តផ្សេងៗទូទាំងប្រទេស ។ ពួកយើងពិតជាមានមោទនភាពក្រៃលែង ដែលបានរៀបចំកម្មវិធីនេះឡើង និងជាពិសេសបានឃើញពីភាពវិជ្ជមានក្នុងជីវិតរបស់កីឡាករក្មេងៗទាំងនេះ ដែលបានចូលរួមប្រកួត ។
ព្រឹត្តិការណ៍ប្រកួតនេះមិនត្រឹមតែអភិវឌ្ឍទេពកោសល្យប៉ុណ្ណោះទេ តែថែមទាំងជួយលើកកម្ពស់ការរៀនសូត្រ ជំនាញបំណិនជីវិតសំខាន់ៗដូចជា ការមានវិន័យ ការធ្វើការងារជាក្រុម និងភាពតស៊ូធន់ទ្រាំផងដែរ ។ សម្រាប់ការប្រកួតប្រជែងកីឡា និងផ្តល់ការគាំទ្រសំខាន់ៗដល់ពួកគេ ពួកយើងសង្ឃឹម ថានឹងជួយជុំរុញស្មារតីកីឡាករបាល់ទាត់ កម្ពុជាជំនាន់ក្រោយទាំងនេះឲ្យបន្តដើរឆ្ពោះទៅរកក្តីស្រមៃរបស់ខ្លួនទាំងនៅក្នុង និងក្រៅទីលាន ៕
ថត ៖ ជីម ភារ៉ា
អត្ថបទ៖ជាវ ចន្ធូ










