រុស្ស៊ីបាញ់មីស៊ីលបំផ្លាញស្រុកកំណើតលោក Zelensky
កៀវ ៖ កងកម្លាំងរុស្ស៊ីរបស់លោក ពូទីន បានបាញ់មីស៊ីលចំសណ្ឋាគារមួយក្នុងទីក្រុងកំណើតរបស់មេដឹកនាំអ៊ុយក្រែន លោក ហ្សេលេនស្គី បណ្តាលឲ្យមនុស្ស ៣នាក់បាត់បង់ជីវិត និង ៣១នាក់ទៀតរបួស ភាគច្រើនរបួសធ្ងន់។ នេះបើតាមអាជ្ញាធររាយការណ៍កាលពីថ្ងៃព្រហស្បតិ៍។
ទន្ទឹមគ្នា អភិបាលតំបន់ Dnipropetrovsk លោក Sergiy Lysak និយាយថា មនុស្ស ៣នាក់បានស្លាប់នៅក្នុងទីក្រុង Kryvyi Rih ដោយសារការវាយប្រហារមីស៊ីលរបស់រុស្ស៊ីនាពេលយប់ ខ្ញុំសូមចូលរួមរំលែកទុក្ខចំពោះសាច់ញាតិ។ ក្រៅពីនេះ ក៏មាន អ្នក របួស ៣១ នាក់ ក្នុងនោះ ១៤ នាក់ ស្ថិត ក្នុង ស្ថានភាពរបួស ធ្ងន់ធ្ងរ។
បើតាមសេចក្តីរាយការណ៍របស់អាជ្ញាធរ ក្រៅពី សណ្ឋាគារ អគារ ផ្ទះល្វែង ចំនួន ១៤កន្លែង ការិយាល័យ ប្រៃសណីយ៍ ឡានជាច្រើនគ្រឿង ស្ថាប័ន វប្បធម៌ និង ហាង ចំនួន ១២ទីតាំង កក៏រងការខូចខាតផងដែរ។
ទីក្រុង Kryvyi Rih ដែលជាស្រុកកំណើតរបស់លោកប្រធានាធិបតី ហ្សេលេនស្គី ស្ថិតនៅចម្ងាយប្រហែល ៧០គីឡូម៉ែត្រ ភាគពាយព្យនៃសមរភូមិជួរមុខ ហើយជាជម្រករបស់ប្រជាជនជាង ៦០០.០០០នាក់ មុនពេលផ្ទុះសង្រ្គាម៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា