អបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៤ ឆ្នាំ២០២៥ ក្រោមប្រធានបទ “សិទ្ធិ សមភាព និង ភាពអង់អាចចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូប”

អបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៤ ឆ្នាំ២០២៥ ក្រោមប្រធានបទ “សិទ្ធិ សមភាព និង ភាពអង់អាចចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូប”

(ភ្នំពេញ)៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងលោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៤ ឆ្នាំ២០២៥ ក្រោមប្រធានបទ “សិទ្ធិ សមភាព និង ភាពអង់អាចចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូប” នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ ពិធីនេះធ្វើឡើងនៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនិងមន្ត្រីរាជការជានារីនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងមន្ទីរ ប.ទ.ខេត្ត សរុបប្រមាណ ៣៨០នាក់។

លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី បានមានប្រសាសន៍ថា ការប្រារព្ធទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥នេះ ក្រសួងកិច្ចការនារី បានជ្រើសរើសយកប្រធានបទ « សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូប » ក្នុងគោលបំណងរំលេចនូវសក្តានុពល និងភាពចាំបាច់នៃការលើកកម្ពស់ការចូលរួម និងភាពជាតំណាងរបស់ស្រ្តីនិងក្មេងស្រី នៅលើគ្រប់វិស័យ ដែលឆ្លើយតបនឹងបរិបទនៃការវិវត្តរបស់សង្គម និងស្របតាមចក្ខុវិស័យដែលបានចង្អុលបង្ហាញក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា និងក្របខណ្ឌគោលនយោបាយ ក្នុងការលើកកម្ពស់សមភាព យេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តីនិងក្មេងស្រី ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានថ្លែងការកោតសរសើរចំពោះការដឹកនាំរបស់ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីគ្រប់លំដាប់ថ្នាក់នៃក្រសួងកិច្ចការនារី ដែលបានចូលរួមចំណែកក្នុងការដឹកនាំ និងសម្របសម្រួល ជាពិសេសការខិតខំជំរុញឱ្យការលើកកម្ពស់សមភាពយេនឌ័រ និងកាលានុវត្តភាពនានា សម្រាប់ស្ត្រីកម្ពុជានាពេលបច្ចុប្បន្ន និងនាពេលអនាគតឱ្យកាន់តែមានភាពប្រសើរឡើង។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា ការជំរុញការចូលរួមរបស់ស្ត្រីនិងក្មេងស្រីនៅក្នុងវិស័យបច្ចេកវិទ្យានេះ មិនត្រឹមតែផ្តល់អំណាចសេដ្ឋកិច្ចដល់ស្ត្រីក្នុងយុគសម័យឌីជីថលនោះទេ ថែមទាំងអាចលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនកាលានុវត្តភាពនិងភាពអង់អាចរបស់ស្ត្រីនិងក្មេងស្រី ក្នុងនាមជាថ្នាក់ដឹកនាំ អ្នកគ្រប់គ្រង និងមន្ត្រីនៅក្នុងស្ថាប័នសាធារណៈ និងសហគ្រិននៅក្នុងវិស័យឌីជីថលផងដែរ៕

ដោយ ង៉ាន់ ទិត្យ
រូបភាព រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner